ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានសហការជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមសហគ្រិនស្ត្រីកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងអង្គការគំនិតផ្តួចផ្តើមអាជីវកម្មមេគង្គ(MBI)បង្កើតមជ្ឈមណ្ឌលព័ត៌មានអាជីវកម្ម(BIC) ពង្រឹងដល់ឧស្សាហកម្មខ្នាតតូច និងមធ្យមនៅកម្ពុជាឱ្យកាន់តែរឹងមាំ។
កម្មវិធីនេះទទួលបានការឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB), ជំនួយអូស្ត្រាលី WEG ,GMT , CAM-ASEAN ,LG,Manulife និងAdvanced Glory Logistic ដែលជួយជំរុញឱ្យមជ្ឈមណ្ឌលព័ត៌មានអាជីវកម្ម(BIC)ដំណើរការទៅប្រកបដោយជោគជ័យ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងពីអត្ថប្រយោជន៍នៃការបង្កើត BIC ដោយបានសង្កត់ធ្ងន់ថា៖ BIC យើងអាចចាត់ទុកថាជាអ្នក ភ្ញាស់បណ្តុំសហគ្រាសធុនតូច និងមធ្យមឱ្យមានភាពរឹងមាំ និងមានលក្ខណៈប្រកួតប្រជែង ហើយក៏បានរួមចំណែកក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា 2015-2025ផងដែរ។
BIC ក៍បានចូលរួមលើកកម្ពស់ប្រសិទ្ធភាព និងតម្លាភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធ និងសហគ្រាសឯកជន។ ម៉្យាង BIC មិនមែនគ្រាន់ជាបណ្តុំព័ត៌មានអាជីវកម្មទេតែបានផ្តល់ជូននូវសេវាកម្មដូចជា៖ ការផ្តល់នូវការប្រឹក្សាផ្នែកហិរញវត្ថុ និងប្រព័ន្ធទិន្នន័យផ្តល់ការប្រឹក្សាលើដំណើរការអាជីវកម្ម និងភាពអនុលោមសម្រាប់ SMEs ដោយផ្តល់នូវសេវាផ្នែកពាណិជ្ជកម្ម និងជំនាញការសម្រាប់ពិភាក្សាការងារពាក់ព័ន្ធ និងSMEs។
ក្រៅពីនោះឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមចំណុចជាគន្លឹះមួយចំនួនទៀត ធ្វើយ៉ាងណាជួយជ្រោមជ្រែងឱ្យ SMEs អាចរស់ដោយខ្លួនឯងបាន ហើយគួរដាក់បញ្ចូលចំណេះដឹងផ្សេងៗ ទាក់ទងនឹងផែនការអាជីវកម្ម ជំនាញទីផ្សារ ព័ត៌មានទីផ្សារ និងបញ្ជីប្រព័ន្ធគណនេយ្យជាដើម៕