Apple កំពុងបំពេញបែបបទផ្សេងៗបន្ថែមទៀត ទៅតាមច្បាប់ដើម្បីប្ដឹងអ្នកអភិវឌ្ឍកម្មវិធី (App) មួយដែលមានឈ្មោះថា Prepear ព្រោះយល់ថា ឡូហ្គូរបស់ក្រុមហ៊ុននេះ ដូចទៅនឹងនិមិត្តរូបរបស់ Apple។
Prepear គឺជាកម្មវិធីមួយដែលជួយឱ្យអ្នកប្រើប្រាស់បង្កើតរូបមន្តនៃការចម្អិនម្ហូបអាហារថ្មីៗ និងធ្វើផែនការសម្រាប់អាហារប្រចាំថ្ងៃ បង្កើតបញ្ជីមុខទំនិញសម្រាប់ការដើរផ្សារ ក៏ដូចជារៀបចំការបញ្ជាទិញដែលត្រៀមនឹងប្រគល់ទៅឱ្យអតិថិជន។ Prepear គឺជាផលិតផលតភ្ជាប់ទំនាក់ទំនងរបស់គេហទំព័រឯកទេសខាងអាហារសម្រាប់កុមារ Super Healthy Kids។
នៅលើអត្ថបទដែលបានបង្ហោះលើបណ្ដាញសង្គម Instagram កម្មវិធីនេះ បានឱ្យដឹងថា “Apple បានបញ្ចេញសកម្មភាពក្នុងការប្រើប្រាស់ច្បាប់ដើម្បីប្រឆាំងទៅនឹង Prepear ព្រោះយល់ថា ឡូហ្គូផ្លែសារី ដែលដូចទៅនឹងឡូហ្គូផ្លែប៉ោម បង្កការខូចខាតដល់យីហោរបស់ Apple”។
ស្ថាបនិករបស់ Prepear បានបញ្ចេញយោបល់ថា សកម្មភាពរបស់ Apple គឺជា “ការឈឺចាប់ចំពោះ Prepear” ប៉ុន្តែ ពួកគេនឹងនៅតែបន្តប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីការពារឡូហ្គូរបស់ខ្លួន។ អត្ថបទខាងលើក៏មិនភ្លេច “ផ្ញើសារ” ទៅកាន់ក្រុមហ៊ុន “យក្ស” ផ្នែកបច្ចេកវិទ្យានានាថា ការសម្លុតទៅលើក្រុមហ៊ុនតូចៗ គង់មានថ្ងៃជួបលទ្ធផលអាក្រក់”។
Prepear ក៏បានដាក់ញត្តិមួយច្បាប់ទៅកាន់ Change.org ដើម្បីបញ្ចុះបញ្ចូលឱ្យ Apple ដកពាក្យបណ្ដឹង។ ក្រុមហ៊ុននេះរំពឹងថា ញត្តិរបស់ខ្លួនអាច “ជួយទប់ស្កាត់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ មិនឱ្យរំលោភអំណាចរបស់ខ្លួនទៅលើក្រុមហ៊ុនតូចៗដែលកំពុងតែរងគ្រោះដោយសារCovid-19។
Prepear បានឧទ្ទេសនាមខ្លួនឯងថា ជាក្រុមហ៊ុនតូចមួយដែលមានបុគ្គលិកតែ5នាក់ប៉ុណ្ណោះ។ ខ្ទង់ចំណាយទៅលើការប្ដឹងផ្ដល់ខាងលើ បាននាំឱ្យក្រុមហ៊ុនតូចមួយនេះ ខាតបង់ប្រាក់រាប់ពាន់ដុល្លារ និងត្រូវបង្ខំបញ្ឈប់បុគ្គលិកម្នាក់របស់ខ្លួន។
លិខិតតវ៉ារបស់ Prepear នៅលើ Change.org បានសរសេរថា៖ “Apple ជំទាស់ទៅនឹងលិខិតចុះឈ្មោះនិមិត្តរូបរបស់យើងខ្ញុំ។ ពួកគេក៏បានស្នើឱ្យយើងប្ដូរឡូហ្គូផ្លែសេរីដែលត្រូវបានប្រើប្រាស់ជាទូទៅនៅក្នុងខ្លឺមសារនានារបស់កម្មវិធីនេះរួចហើយ។ ក្រុមហ៊ុនតូចៗស្ទើរតែទាំងអស់ មិនមានលទ្ធភាពគ្រប់គ្រាន់ផ្នែកហិរញ្ញវត្ថុ ដើម្បីទប់ទល់នឹង Apple នោះទេ។ នេះពិតជាបទពិសោធន៍ដ៏រន្ធត់សម្រាប់យើងខ្ញុំ ពេលដែលត្រូវបានប្ដឹងដោយក្រុមហ៊ុនធំបំផុតមួយក្នុងពិផពលោក បើទោះជាជាក់ស្ដែង យើងមិនបានធ្វើខុសក៏ដោយ។ ក្រុមហ៊ុនផ្សេងៗដែលត្រូវបោះបង់ និងប្ដូរឡូហ្គូរបស់ខ្លួនដោយសារ Apple ពួកគេនឹងងាយយល់អំពីប្រការនេះ”។
បច្ចុប្បន្ន ញត្តិរបស់ Prepear ទទួលបានហត្ថលេខាជិត9,000នាក់។ សមាជិកនៃក្រុមរបស់ Prepear សង្ឃឹមថា អាចរកបានហត្ថលេខាគាំទ្រចំនួន10,000នាក់ នៅលើថ្នាល់ Change.org។
ក្រុមហ៊ុន Apple ត្រូវបានគេដឹងថា បាន “ជំទាស់ទៅនឹងក្រុមហ៊ុនតូចៗជាច្រើនដែលប្រើប្រាស់ឡូហ្គូដែលមានរូបរាងជាផ្លែឈើ” បើទោះជាឡូហ្គូរបស់ក្រុមហ៊ុនតូចៗទាំងនោះ ខុសគ្នាឆ្ងាយបើធៀបនឹងឡូហ្គូរបស់ Apple។ ឡូហ្គូផ្លែប៉ោម ធ្លាប់ជាមូលហេតុដែលនាំឱ្យ Apple ធ្វើសកម្មភាពផ្នែកច្បាប់ជាច្រើនកាលពីអតីតកាល ក្នុងនោះក៏មានករណីប្ដឹងទៅលើគណបក្សនយោបាយមួយរបស់ប្រទេសន័រវែស និងផ្លូវសម្រាប់អ្នកជិះកង់មួយខ្សែនៅប្រទេសអាល្លឺម៉ង់ផងដែរ៕
ប្រភព៖ MacRumors