ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសមុននេះបន្តិចពីការប្រឡងមធ្យមសិក្សាទូតិយភូមិសម្រាប់ឆ្នាំ 2019-2020 ដែលនឹងត្រូវលើកទៅចុងខែធ្នូវិញ។
ក្រសួងបានបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រីបានអុញ្ញាតឱ្យសិស្សថ្នាក់ទី9 និងថ្នាក់ទី12 នៃគ្រឹះស្ថានសិក្សាសាធារណៈ ចូលរៀននៅក្នុងដំណាក់កាលទី2 នៃការបើកដំណើរការគ្រឹះស្ថានសិក្សា នៅកំឡុងនៃខែកញ្ញា ឆ្នាំ2020 ក្នុងទ្រង់ទ្រាយតូច 15នាក់មួយថ្នាក់ ដោយគោរពតាមវិធានអនាម័យនៃក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីត្រៀមចូលរួមការប្រឡង។
ក្នុងន័យនេះ ក្រសួងអប់រំនឹងរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា 2019-2020 នៅខែធ្នូ ឆ្នាំ2020ខាងមុខ។ ចំពោះការរៀបចំការសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈសម្រាប់សិស្សថ្នាក់ដទៃទៀត ក្រសួងនឹងរៀបចំតាមក្រោយ។
ជាមួយគ្នានេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលជាតំណាងគ្រឹះស្ថានសិក្សាឯកជន និងគ្រឹះស្ថានសិក្សាឯកជនដទៃទៀត បានស្ម័គ្រចិត្តពន្យារពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមជាមួយការប្រឡងថ្នាក់ជាតិនៅខែធ្នូ ឆ្នាំ2020 ជាមួយនឹងគ្រឹះស្ថានសិក្សាសាធារណៈ៕