ភ្នំពេញ៖ ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា សម្រាប់អតិថិជនមានបំណងខ្ចីប្រាក់ពីធនាគារCIMBក្នុងការទិញផ្ទះដោយផ្តល់ជូនអត្រាការប្រាក់ត្រឹមតែ7.99% ប៉ុណ្ណោះក្នុងរយៈពេលមួយឆ្នាំ និងមានបន្ថែមជូនធានារ៉ាប់រងក្នុងទំហំទឹកប្រាក់50.000ដុល្លារដោយមិនគិតប្រាក់ថែមទៀត ដើម្បីពេលបាត់បង់មេគ្រួសារហើយ មិនបាត់បង់ដំបូលផ្ទះសម្រាប់អ្នកជាទីស្រលាញ់ក្នុងគ្រួសារថែមទៀត។
លោកស្រី ហេង ធីតា នាយិកាហិរញ្ញវត្ថុបុគ្គលរបស់ធនាគារ CIMB មានប្រសាសន៍ថា តាមរយៈផលិតផល HomePro សម្រាប់ផ្តល់ប្រាក់កម្ចីទិញផ្ទះនេះ អតិថិជនអាចទទួលបានផ្ទះក្នុងក្តីស្រមៃរួមទាំងសេវាធានារ៉ាប់រងអាយុជីវិតពីក្រុមហ៊ុន Manulife Cambodia ទៀតផង «គ្រួសាររបស់អ្នកទទួលឥណទាន នឹងទទួលបានកញ្ចប់ធានារ៉ាប់រងរហូតដល់ 50.000ដុល្លារអាមេរិក សម្រាប់ជួយកាត់បន្ថយប្រាក់កម្ចីរបស់ពួកគេ ក្នុងករណីមានគ្រោះថ្នាក់អ្វីមួយកើតឡើងជាយថាហេតុរហូតដល់មរណៈ ឬពិការទាំងស្រុងប្រកបការងារលែងបាន»។
ផ្អែកតាមការសិក្សានៅលើទីផ្សាបច្ចុប្បន្ន កញ្ចប់ធានារ៉ាប់រងអាយុជីវិត 50,000ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬស្មើនឹង5,000ដុល្លារអាមេរិក ក្នុងរយៈពេល10ឆ្នាំ សម្រាប់អ្នកស្នើសុំដែលស្ថិតក្នុងវ័យកណ្តាល។ ហើយធនាគារCIMB ជឿជាក់ថា ផលិតផល HomePro នឹងទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីសំណាក់អតិថិជននៅលើទីផ្សារប្រទេសកម្ពុជា ដោយមិនមែនត្រឹមតែជាផលិតផលឥណទានគេហដ្ឋានប៉ុណ្ណោះទេ តែវាថែមទាំងផ្តល់នូវគុណតម្លៃកាន់តែអស្ចារ្យ ទៅដល់អ្នកទទួលឥណទាន និងមនុស្សជាទីស្រឡាញ់ទៀតផង»។
ថ្លែងក្នុងពិធីចុះហត្ថលេខា រវាង CIMB និង Manulife Cambodia លោក ពន្លឺ តុលា នាយកគ្រប់គ្រងភាពជាដៃគូចែកចាយនៃក្រុមហ៊ុន មេនូ ឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា នេះជាគំនិតច្នៃប្រឌិតថ្មីបំផុតរបស់ធនាគារនៅកម្ពុជា។ ហើយថា CIMB ជាដៃគូដំបូងបង្អស់ដែលបានទិញធានារ៉ាប់រងពីក្រុមហ៊ុន Manulife Cambodia ដើម្បីផ្តល់ជូនទៅដល់អតិថិជនក្នុងការការពាររយៈពេល10ឆ្នាំ។
គួរបញ្ជាក់ថា ការផ្តល់សេវាធានារ៉ាប់រងអាយុជីវិតពីកម្មវិធីកម្ចីទិញផ្ទះ(HomePro)នេះ មានអត្រាការប្រាក់ 7,99% ក្នុងមួយឆ្នាំ ដែលមានទំហំធំរហូតដល់80% និងរយៈពេលឥណទានវែងរហូតដល់20ឆ្នាំ៕