
អ្នកមានជាងគេបង្អស់នៅទ្វីបអាស៊ី លោក Mukesh Ambani បានយកឈ្នះលើម្ចាស់ក្រុមហ៊ុន LVMH នៅក្នុងបញ្ជីចំណាត់ថ្នាក់មហាសេដ្ឋីពិភពលោករបស់ Bloomberg ដោយមានទ្រព្យសរុបឡើងដល់80.6ពាន់លានដុល្លារអាមេរិក។
Bloomberg Billionaires Index ដែលជាផ្នែកមួយនៃសារព័ត៌មាន Bloomberg បានចេញផ្សាយថា ប្រធានក្រុមហ៊ុនឥណ្ឌា Reliance Industries លោក Mukesh Ambani រកបានទ្រព្យ22ពាន់លានដុល្លារបន្ថែមទៀតនៅក្នុងឆ្នាំ2020 ដែលនេះបានជួយឱ្យទ្រព្យសម្បត្តិសរុបរបស់លោកកើនឡើងដល់80.6ពាន់លានដុល្លារ។ បច្ចុប្បន្ន លោក Mukesh Ambani មានទ្រព្យច្រើនជាងមហាសេដ្ឋី Bernard Arnault ដែលជាម្ចាស់នៃក្រុមហ៊ុន LVMH ទៅទៀត។ លោក Arnault មានទ្រព្យចំនួន80.2ពាន់លានដុល្លារអាមេរិក។
ក្រោយពីបានបញ្ចប់ការជួញដូរកាលពីចុងសប្ដាហ៍ ទ្រព្យរបស់លោក Mukesh Ambani បានកើនថែម300លានដុល្លារ ខណៈដែលលោក Arnault បានបាត់បង់ជាង1.2ពាន់លានដុល្លារ។ មូលបត្រនៃក្រុមហ៊ុន LVMH របស់លោក Arnault នៅក្នុងមួយរយៈពេលចុងក្រោយនេះបានធ្លាក់ចុះច្រើន ដោយសារអតិថិជនរបស់ក្រុមហ៊ុននេះកាត់បន្ថយការទិញដូរផលិតផលដែលមានតម្លៃថ្លៃនៅក្នុងរដូវCOVID-19។

តំណែងអ្នកមានជាងគេបង្អស់ក្នុងពិភពលោកនាបច្ចុប្បន្ន នៅតែត្រូវបានកាន់កាប់ដោយម្ចាស់ក្រុមហ៊ុន Amazon គឺលោក Jeff Bezos ដោយមានទ្រព្យសរុប187ពាន់លានដុល្លារអាមេរិក។ ឈរលំដាប់ទី2 គឺលោក Bill Gates (121ពាន់លានដុល្លារ និងទី3គឺលោក Mark Zuckerberg (102ពាន់លានដុល្លារ)។

នៅប៉ុន្មានសប្ដាហ៍កន្លងទៅថ្មីៗនេះ ទ្រព្យសម្បត្តិរបស់លោក Mukesh Ambani បានលោតរំលងមហាសេដ្ឋីកំពូលៗជាច្រើនរូបនៅទូទាំងពិភពលោក តាំងពីលោក Elon Musk ដែលជា CEO របស់ Tesla និងសហស្ថាបនិក2រូបរបស់ Google គឺលោក Larry Page និងលោក Sergey Brin រហូតដល់មហាសេដ្ឋី Warren Buffett។
បើទោះជាត្រូវទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីការធ្លាក់ចុះនៃតម្រូវការប្រេងកាត់នៅក្នុងរដូវCOVID-19នេះក្ដី ប៉ុន្តែមូលបត្រនៃក្រុមហ៊ុនរបស់លោក Mukesh Ambani នៅតែកើនឡើងខ្ពស់ជាងមុនទ្វេដងរាប់ចាប់ពីខែមីនា។ មូលហេតុគឺដោយសារផ្នែកសេវាកម្មឌីជីថលរបស់ក្រុមហ៊ុននេះ ទទួលបានខ្ទង់វិនិយោគធំៗជាបន្តបន្ទាប់ពីក្រុមហ៊ុនវិនិយោគផ្សេងៗ ក្នុងនោះមាន Facebook និង Google ផងដែរ៕
ប្រភព៖ Bloomberg
