Skip to content

ស្រ្តីមានគភ៌គួរញ៉ាំទឹកក្តៅឧណ្ហៗ ឬទឹកត្រជាក់ ណាមួយល្អជាង?

ក្នុងអំឡុងពេលតាំងគភ៌ ស្រ្តីមួយចំនួនអាចធ្លាប់បានឮគេនិយាយគ្នាថា ហាមញ៉ាំទឹកត្រជាក់ ព្រោះនឹងហុចផលប៉ះពាល់ដល់កូនក្នុងផ្ទៃ តែការពិតទៅស្រ្តីមានគភ៌នៅតែអាចញ៉ាំទឹកត្រជាក់បានតាមប្រក្រតី មិនមានចំណុចហាមឃាត់ឡើយ អៃស្រ្គីមត្រជាក់ៗក៏អាចញ៉ាំបានធម្មតាដែរ គ្រាន់តែមិនគួរញ៉ាំញឹកញាប់ប៉ុណ្ណោះ ព្រោះការ៉េម ឬអៃស្រ្គីមនេះមានទាំងផ្អែមខ្លាំង ទាំងម្សៅច្រើន ដែលអាចធ្វើឱ្យឡើងជាតិស្ករនៅក្នុងឈាម និងហុចផលឱ្យទម្ងន់ខ្លួនរបស់ស្រ្តីមានគភ៌ខ្លួនឯងកើនឡើងទៀតផង។ អ្វីដែលល្អបំផុតនោះគឺ គួរជ្រើសរើសញ៉ាំទឹកផ្លែឈើស្រស់ៗវិញប្រសើរជាង ព្រោះក្រៅពីផ្អែមត្រជាក់ស្រស់ស្រាយចិត្តហើយ នៅមានសារធាតុរ៉ែ និងវីតាមីនដែលមានប្រយោជន៍ដល់ខ្លួនអ្នកម្តាយ និងកូនក្នុងផ្ទៃទៀតផង។

ចំណែកទឹកក្តៅឧណ្ហៗវិញ ស្រ្តីមានគភ៌គួរញ៉ាំឱ្យបានច្រើនៗ ព្រោះវាជួយឱ្យសរសៃឈាមពង្រីកខ្លួន ត្រៀមជាស្រេចសម្រាប់ការបំបៅទឹកដោះកូនក្រោយពេលប្រសូត។ មុនពេលគេង ឬនៅពេលព្រឹក ការញ៉ាំទឹកក្តៅឧណ្ហៗ ឬការញ៉ាំទឹកដោះគោក្តៅឧណ្ហៗ ឬ ភេសជ្ជៈក្តៅឧណ្ហៗ ដូចជា សូកូឡាក្តៅៗ ទឹកកូកូក្តៅៗ ឬក៏ម៉ៃឡូអូវ៉ាន់ទីននឹងជួយឱ្យសប្បាយស្រួលពោះ ឈាមហូរវិលបានល្អ រឹតតែពេលក្រោយប្រសូត ពេលបំបៅទឹកដោះកូនផង នឹងជួយឱ្យទឹកដោះហូរបានល្អឡើង និងរាងកាយរបស់អ្នកម្តាយដែលកំពុងបំបៅដោះកូនអាចនឹងងាយខ្វះជាតិទឹក ព្រោះតែបាត់បង់ជាតិទឹកទៅលើការបំបៅទឹកដោះកូន ដូច្នេះហើយទើបការបន្ថែមបរិមាណជាតិទឹកទៅក្នុងរាងកាយ អ្នកម្តាយគួរតែញ៉ាំទឹកក្តៅឧណ្ហៗឱ្យបាន 1 កែវ។

សម្រាប់ស្រ្តីមានគភ៌ដែលប្រសូតតាមធម្មជាតិ អាចញ៉ាំទឹកក្តៅឧណ្ហៗបានភ្លាមក្រោយពេលប្រសូត ព្រោះអាចញ៉ាំអាហារបានតែម្តង តែសម្រាប់ស្រ្តីមានគភ៌ដែលប្រសូតដោយការវះកាត់វិញ នៅពេលដែលគ្រូពេទ្យឱ្យញ៉ាំអាហាររាវបាន ក៏គួរតែញ៉ាំទឹកក្តៅឧណ្ហៗ និងញ៉ាំទៅជារឿយៗរហូតទាល់តែមានទឹកដោះគ្រប់គ្រាន់ឱ្យកូនបៅ និងនៅពេលមានទឹកដោះគ្រប់គ្រាន់ និងហូរចេញមកបានល្អហើយ អ្នកម្តាយអាចញ៉ាំទឹកក្តៅឧណ្ហៗឆ្លាស់គ្នានឹងទឹកត្រជាក់ខ្លះក៏បាន៕

Leave a Reply

Your email address will not be published. Required fields are marked *