
អ្នកម្តាយថ្មោងថ្មីត្រូវតែចេះសម្របសម្រួលខ្លួន និងព្យាយាមសង្កេតមើលកូនតូចថា តើកូនយ៉ាងណា ត្រូវការអ្វី ឯកូនតូចខ្លួនឯងក៏កំពុងរៀនយល់ដឹងក្នុងការតបស្នងទៅអ្នកម្តាយវិញដូចគ្នា ព្រោះក្មេងម្នាក់ៗនឹងមានភាពខុសប្លែកពីគ្នា ទាំងរឿងការបៅ ការគេង និងសូម្បីតែការយំរំខានផងដែរ ដូច្នេះទើបអ្នកម្តាយគួរត្រូវប្រើភាពប៉ឹនសង្កេត និងសញ្ជាតិញាណនៃភាពជាម្តាយ កែសម្រួលការមើលថែទាំកូនតូចទៅតាមភាពចាំបាច់ និងសមគួរ។
រឿងដែលលោកឪពុក អ្នកម្តាយម្តាយត្រូវមើលថែទាំកូនតូចវ័យ 30 ថ្ងៃដំបូង
1 – ការព បី និងឥរិយាបថព ៈ ចូរសង្កត់ធ្ងន់លើការយកដៃដាក់ប្រគងទ្រករបស់កូន ព្រោះឆ្អឹងករបស់កូននៅមិនទាន់រឹងប៉ឹងនៅឡើយ និងក្បាលរបស់ទារកគឺជាអវយវៈដែលធ្ងន់ជាងគេបំផុតនៃរាងកាយ ដូច្នេះហើយទើបជារឿងមួយសំខាន់ខ្លាំងណាស់ដែលអ្នកបីត្រូវបី ឬពដោយដាក់ដៃប្រគង ទ្រក្បាល ឬករបស់កូន។

2 – ការបំបៅដោះកូន និងឥរិយាបថបំបៅទឹកដោះកូន ៈ សម្រាប់ទឹកដោះម្តាយគួរឱ្យកូនបៅរៀងរាល់ 2 – 3 ម៉ោងម្តង ទាំងពេលថ្ងៃ និងពេលយប់។ បើទឹកដោះម្តាយមានបរិមាណច្រើន កូនបៅហើយនៅមិនអស់ពីដោះ ឡារ៉ែនសូមណែនាំឱ្យអ្នកម្តាយធ្វើការបូម និងរក្សាទុកក្នុងទូទឹកកក។ ចំណែកការបំបៅទឹកដោះគោវិញ គួរឱ្យកូនបានបៅរៀងរាល់ 3 ម៉ោង។
3 – ការគេង ពេលគេងលក់ និងពេលភ្ញាក់ ៈ ទារកវ័យ 30 ថ្ងៃដំបូង ការគេងលក់នៅមិនទាន់ពេញលេញល្អនោះទេ អាចបន្តិចលក់ បន្តិចភ្ញាក់ ជាសភាវប្រក្រតី ដូច្នេះក្នុងអំឡុងពេលថ្ងៃ បើកូនតូចគេងលក់យូរលើសពី 3 ម៉ោង ឡារ៉ែនណែនាំឱ្យឱ្យអ្នកម្តាយដាស់កូនឡើងដើម្បីបៅទឹកដោះ។
4 – ការបន្ទោបង់ ៈ ក្នុងអំឡុងពេលដំបូងៗនេះ ភាគច្រើនទារកតែងភ្ញាក់មកបៅដោះ និងបន្ទោបង់ហាក់ដូចជាញឹកញាប់ ដែលវាដំណើរការទៅតាមតម្រូវការរបស់ទារកនៅពេលឃ្លាន ព្រោះទារកនៅមិនទាន់ស្គាល់ពេលវេលាថា ជាពេលថ្ងៃ ឬពេលយប់នោះទេ និងច្រើនតែបន្ទោបង់ក្រោយការបៅទឹកដោះសឹងតែគ្រប់ពេល និងដោយសារតែជាការធ្វើការងារបែប រីហ្វ្លេកស៍(ការធ្វើការងាររបស់ប្រព័ន្ធប្រសាទ ដែលខួរក្បាលមិនចាំបាច់បញ្ជា)ធ្វើឱ្យពោះវៀននឹងត្រៀមកន្លែងទុកសម្រាប់ទទួលទឹកដោះដែលទើបតែបៅចូលទៅក្នុងក្រពះ និងការបៅទឹកដោះម្តាយអាចប្រទះឃើញថា ទារកនឹងមិនបានបន្ទោបង់យូរដល់រាប់សប្តាហ៍ ដែលបញ្ហានេះសូមអ្នកម្តាយថ្មោងថ្មីកុំព្រួយបារម្ភអី ព្រោះទឹកដោះម្តាយងាយស្រួលរំលាយ ពោះវៀនអាចបឺតជ្រាបបានស្ទើរតែទាំងអស់ ទើបមិនមានសល់កាកសំណល់ឱ្យបន្ទោបង់រាល់ថ្ងៃ។
5 – សីតុណ្ហភាព ៈ សីតុណ្ហភាពដែលស័ក្តិសមគឺ មិនគួរស្លៀកពាក់ឱ្យកូនតូចដោយសម្លៀកបំពាក់ដែលក្រាស់ជ្រុលពេកឡើយ ព្រោះសីតុណ្ហភាពរបស់ខ្លួនទារកអាចខ្ពស់ឡើង ក្លាយជាគ្រុនក្តៅបាន ចូរស្លៀកពាក់ខោអាវដែលស្តើងស្រួល មិនរឹបណែនជ្រុល និងមិនរុំជិតខ្លួនខ្លាំងពេក។
6 – ការផ្ងូតទឹក ៈ ផ្ងូតទឹកក្នុងមួយថ្ងៃ 1 ដង កក់សក់ឱ្យមួយថ្ងៃ 1 ដង ក្នុងសប្តាហ៍ដំបូងគួរផ្ងូតឱ្យទឹកមិនលើស 10 នាទីឡើយ ព្រោះកូនតូចអាចរងាបាន។ ក្រោយ 7 ថ្ងៃចាប់ផ្តើម ផ្ងូតព្រឹក-ល្ងាចដោយទឹកក្តៅឧណ្ហៗ កក់សក់ឱ្យមួយថ្ងៃ 1 ដង។ ក្រោយ 1 ខែសឹមប្តូរមកផ្ងូតទឹកក្នុងសីតុណ្ហភាពដូចគ្នានឹងក្នុងបន្ទប់។
7 – កូនភ្ញាក់ៗរាងភ័យៗ ដៃជើងញ័រញាក់ញឹកញាប់ ៈ អាការទាំងនេះជាអាការប្រក្រតី ហៅថា ម៉ូរ៉ូរីហ្វ្លេកស៍( MORO Reflex )នៅពេលដែលទារកស្រែកយំ ឬភ្ញាក់ផ្អើល នឹងមើលទៅឃើញដូចជាភ័យរន្ធត់ ញ័រដៃជើង។ រីហ្វ្លេកស៍ការចូលទៅរកក្បាលដោះ និងបៅដោះ( Rooting and sucking reflexes ) ទារកខ្លះនៅមានរីហ្វ្លេកស៍ការកណ្តាស់( Sneezing reflex )ទៀតផង និងក៏ដូចគ្នានោះផងដែរ ដូចជា ពេលខ្លះយើងនឹងឃើញកូនតូចកំពុងគេងលក់សុខៗ ស្រាប់តែញញឹមយ៉ាងស្រស់ ដែលចាស់បុរាណហៅថា “ញញឹមដាក់អ្នកថែទាំ” ដែលការពិតទៅវាគ្រាន់តែជារីហ្វ្លេកស៍ធម្មតាៗម្យ៉ាងប៉ុណ្ណោះឯង។
8 – អនាម័យ ការមើលថែទាំតាំងពីក្បាលរហូតចុងជើង ៈ
- ភ្នែក ៈ ជូតសម្អាតថ្នមៗមួយថ្ងៃ 2 ដង ព្រឹកល្ងាច។
- ទងផ្ជឹត ៈ ជូតសម្អាតថ្នមៗដោយទឹកថ្នាំដែលខាងមន្ទីពេទ្យឱ្យមក ព្រឹក-ល្ងាចរហូតទាល់តែរបូតជ្រុះ។ បើរបូតជ្រុះហើយ តែឃើញនៅសើម ឬមានឈាមចេញមក ចូរបន្តជូតរហូតទាល់តែស្ងួតល្អ។
- ប្រអប់មាត់ ៈ ក្រោយបៅទឹកដោះ ចូរយកក្រណាត់ស្អាតជ្រលក់ទឹកដាំឆ្អិនដែលទុកឱ្យត្រជាក់ហើយមកជូតសម្អាត ព្រឹក-ល្ងាច ឬញឹកញាប់នៅពេលឃើញមានស្នាមកំណកសៗជាប់នៅលើអណ្តាត ព្រោះបើមិនជូតសម្អាតទេ អាចនឹងធ្វើឱ្យកើតជ្រាំង និងកើតមេរោគផ្សិតនៅលើអណ្តាតបាន។
- អវយវៈបន្តពូជ ៈ ស្រី និងប្រុសខុសប្លែកពីគ្នា។ ទារកប្រុសក្រោយពេលផ្ងូតទឹករួច ក្នុងសប្តាហ៍ដំបូងនឹងឃើញមានរំអិលខាប់នៅលើចុងប្រដាប់បន្តពូជ ចូរអ្នកម្តាយទាញចុងស្បែកប្រដាប់បន្តពូជចុះ និងប្រើសំលីជ្រលក់ទឹកស្អាតជូតសម្អាតថ្នមៗ ហើយទាញស្បែកឡើងវិញ។ ចំណែកទារកភេទស្រី អាចឃើញមានរំអិលខាប់ជាប់នៅតាមគែមប្រដាប់បន្តពូជ ឬភាគច្រើននឹងមិនឃើញមានឡើយ ព្រោះអ្នកជំនួយការឆ្មបតែងជូតសម្អាតឱ្យស្អាតរួចរាល់ហើយតាំងពីមន្ទីរពេទ្្យ។ តែបើឃើញមាន ចូរអ្នកម្តាយប្រើសំលីជ្រលក់ទឹកស្អាតជូតសម្អាតពីលើមកក្រោម 1 ដង កុំជូតចុះឡើង តែបើនៅមិនទាន់ស្អាត ចូរប្រើសំលីធំជាងមុន និងជូតសម្អាតដូចមុនទៀត។
9 . ការស្រែកយំ ៈ ដោយសារអី? កូនឃ្លាន កូនសើមខ្លួន កូនឆ្អល់ពោះ កូនមិនសប្បាយខ្លួន កូនរងា កូនក្តៅ-ល- អ្នកម្តាយត្រូវព្យាយាមសង្កេតមើលថា តើសំឡេងស្រែកយំមួយបែបៗដែលខុសគ្នានោះមានន័យពីអ្វី? ក្នុងពេលវេលាមិនយូរប៉ុន្មាន អ្នកម្តាយក៏នឹងស្មានចិត្តកូនត្រូវថា សម្រែកបែបហ្នឹង និងអកប្បកិរិយារបស់កូនបែបហ្នឹង បានន័យថាម៉េច? និងបើតបស្នងតម្រូវការបានត្រូវ កូននឹងឈប់ស្រែកយំ។ តែក៏មានពេលខ្លះដែលកូនអាចស្រែកយំរំខានដោយមិនដឹងពីមូលហេតុដែរ ធ្វើឱ្យអ្នកម្តាយចាប់ផ្តើមមានក្តីវិតក្កកង្វល់ថា នឹងមានអ្វីខុសប្រក្រតីចំពោះកូន ដូច្នេះការតបស្នងទៅកូនវិញដោយការបីពបំពេ ដើម្បីឱ្យកូនតូចកើតមានក្តីកក់ក្តៅសប្បាយចិត្ត និងឈប់ស្រែកយំយ៉ាងស័ក្តិសមនោះ គឺជារឿងមួយដែលត្រឹមត្រូវ និងប្រសើរជាងការទុកចោល បណ្តោយឱ្យកូនស្រែកយំរហូតដល់ហត់ រហូតដល់ឈប់ស្រែកយំដោយខ្លួនឯង។
10 – ពិនិត្យសុខភាពកូន ៈ អាយុគ្រប់ 1 ខែពេញ គ្រូពេទ្យនឹងណាត់ពិនិត្យសុខភាពកូន ចូរកុំភ្លេចនាំកូនតូចទៅតាមការណាត់ និងអ្វីដែលសំខាន់គឺ សៀវភៅកំណត់ហេតុសុខភាពរបស់កូន អ្នកម្តាយត្រូវកាន់ទៅជាមួយគ្រប់ពេល៕
