ក្រោយការពន្យារពេលជាច្រើនលើក កាលពីម្សិលមិញ ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះផ្កាយរណបអ៊ីនធឺណិត Starlink ចំនួន57គ្រឿង និងផ្កាយរណបសង្កេតផែនដី Global ចំនួន2គ្រឿងទៀតដោយជោគជ័យ នៅក្នុងពេលតែមួយ។
នេះគឺជាក្រុមផ្កាយរណប Starlink ទី10 ដែលត្រូវបាន SpaceX បាញ់បង្ហោះទៅក្នុងទីអវកាស រាប់ចាប់ពីខែឧសភា2019 ក្នុងបំណងបង្កើតប្រព័ន្ធអ៊ីនធឺណិត broadband (អ៊ីនធឺណិតល្បឿនលឿន) ដែលគ្របដណ្ដប់ទូទាំងសកលលោក។ ការបាញ់បង្ហោះនេះត្រូវបានធ្វើឡើងទៅតាមការគ្រោងទុកនៅវេលាម៉ោង1និង12នាទីទៀបភ្លឺក្នុងថ្ងៃទី7សីហា (ម៉ោងក្នុងស្រុក) នៅឯមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។
រយៈពេល2នាទីកន្លះក្រោយពីការហោះឡើង ជាន់ទី1របស់រ៉ុកកែត Falcon 9 បានផ្ដាច់ចេញពីតួខ្លួន ហើយបានចុះចតដោយសុវត្ថិភាពនៅលើស្រឡាងគ្មានមនុស្សបើក ឈ្មោះ “Of Course I Still Love You” ដែលកំពុងចតនៅលើសមុទ្រភាគឦសាននៃតំបន់ច្រមុះជ្រូកCanaveral ក្នុងមហាសមុទ្រអាត្លង់ទិក។
ផ្កាយរណបសង្កេតផែនដីមួយគូ គឺ Global-7 និង Global-8 របស់ក្រុមហ៊ុន BlackSky ត្រូវបានដាក់ពង្រាយទៅក្នុងគន្លងគោចរមុនគេ បន្ទាប់មកទើបដាក់ពង្រាយផ្កាយរណប Starlink ចំនួន57គ្រឿងរបស់ SpaceX។
ដោយមានការដាក់ពង្រាយផ្កាយរណប់ថ្មីចំនួន57គ្រឿងបន្ថែមទៀតនេះ ក្រុមផ្កាយរណបអ៊ីនធឺណិត Starlink របស់ SpaceX បានកើនឡើងដល់595គ្រឿង។ គោលដៅចុងក្រោយរបស់ SpaceX គឺការបង្កើតប្រព័ន្ធផ្កាយរណប Starlink ឱ្យបានជាង40,000គ្រឿងដែលគោចរជុំវិញផែនដីនៅក្នុងរយៈកម្ពស់ប្រមាណជា550ម៉ែត្រពីផែនដី។ ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk មានគម្រោងចាប់ផ្ដើមផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណិតទៅឱ្យអតិថិដំបូងៗរបស់ខ្លួននៅសហរដ្ឋអាមេរិក និងកាណាដានៅក្នុងឆ្នាំនេះ។
យោងតាមលោក Elon Musk ប្រព័ន្ធផ្កាយរណបនេះអាចនាំចំណូល30ពាន់លានដុល្លារក្នុងមួយឆ្នាំៗសម្រាប់ SpaceX។ ប្រាក់ទាំងនេះនឹងត្រូវបានប្រើប្រាស់សម្រាប់អភិវឌ្ឍគម្រោង Starship ដែលជាប្រព័ន្ធរ៉ុកកែតនិងយានអវកាសសម្រាប់បំពេញបេសកកម្មបញ្ជូនមនុស្សទៅជាន់ដីនៃពិភពព្រះអង្គារជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនាពេលខាងមុខ៕
ប្រភព៖ UPI/Space News