ប្រជាជនខ្មែរយើងទាំងពីអតីតកាល និងបច្ចុប្បន្នមួយចំនួន ចូលចិត្តទិញគ្រឿងអលង្ការ ឬទិញមាសទុក ដើម្បីធ្វើជាទ្រព្យសម្បត្តិ ក៏ដូចជាដើម្បីទុកឱ្យទទួលបានផលចំណេញ។ ឥរិយាបទបែបនេះ ត្រូវបានអ្នកជំនាញហិរញ្ញវត្ថុ មើលឃើញថាមិនបានផ្តល់ផលចំណេញប៉ុន្មាននោះទេ។
ជាក់ស្តែង លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ បានលើកឡើងថា តម្លៃមាសក្នុងទីផ្សារពិភពលោកចាប់ផ្តើមឡើងថ្លៃខ្ពស់រហូតដល់ជិត 2,000ដុល្លារអាមេរិកក្នុងមួយដំឡឹង។ មនុស្សជាច្រើនវិនិយោគដោយទិញមាសទុកដើម្បីជាការទប់ទល់នឹងអតិផរណាភាពមិនប្រាកដប្រជានៃទីផ្សារ និងការកាត់បន្ថយហានិភ័យតាមរយៈពិពិតកម្មនៃការវិនិយោគ (Investment diversification)។
ដោយឡែកកំពូលអ្នកវិនិយោគអាមេរិក លោក Warren Buffett តែងតែលើកឡើងថាការទិញមាសទុកមិនមែនជាការល្អនោះទេ ព្រោះវាមិនបានផ្តល់ជាផលចំណេញដូចជាការទទួលបានភាគលាភ (dividend) ពីការវិនិយោគលើបណ្ណ័ភាគហ៊ុនឡើយ។ ក្នុងគោលគំនិតប្រហាក់ប្រហែលគ្នានេះដែរ តើយើងគួរវិនិយោគដោយទិញដីទុកយកចំណេញដែរ ឬទេ? បើគួរ ហេតុអ្វី? ហើយគួរវិនិយោគយ៉ាងដូចម្តេច? ចម្លើយគឺគួរតែវិនិយោគដោយទិញដីទុកព្រោះទីផ្សារដីធ្លីនឹងកាន់តែមានភាពប្រសើរ តម្លៃនឹងបន្តកើនឡើងបន្ទាប់ពីការរសាត់បាត់ទៅនៃវិបត្តិCovid-19។ ប៉ុន្តែគួរវិនិយោគតែលើដីធ្លីនៅតំបន់ជាយក្រុងភ្នំពេញបានហើយព្រោះនៅតំបន់ទាំងនោះនឹងបន្តមានតម្រូវការខ្ពស់។ ម្យ៉ាងទៀតបើអាចគួរច្នៃជាអចលទ្រព្យដែលអាចរកប្រភពចំណូលបានដូចអ្វីដែលលោក Warren Buffett លើកឡើងពីចំណូលដែលជាភាគលាភបានពីការវិនិយោគលើបណ្ណ័ភាគហ៊ុនអញ្ចឹងដែរ។ ការច្នៃដីជាយក្រុងអោយក្លាយជាប្រភពចំណូលបានរួមមានដូចជា ការធ្វើជាឃ្លាំងជួល ផ្សារ ឬប្រកបរបរកសិកម្មជាដើម៕