Facebook អនុញ្ញាតឱ្យបុគ្គលិករបស់ខ្លួនធ្វើការពីចម្ងាយរហូតដល់ខែមិថុនាឆ្នាំ2021 ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភដល់បុគ្គលិកម្នាក់ៗចំនួន1,000ដុល្លារដើម្បីទិញសម្ភារៈសម្រាប់ធ្វើការនៅឯផ្ទះ ក្នុងគ្រាដែលរលកទី2របស់COVID-19បានបង្ហាញខ្លួន។
យោងតាម Reuters ព័ត៌មានខាងលើនេះត្រូវបានអ្នកនាំពាក្យរបស់ Facebook ទទួលស្គាល់កាលពីថ្ងៃទី6សីហាថា៖ “បន្ទាប់ពីបានពិនិត្យទៅលើការណែនាំរបស់អ្នកជំនាញការផ្នែកសុខាភិបាល និងរដ្ឋាភិបាល ក៏ដូចជាកិច្ចប្រជុំផ្ទៃក្នុងអំពីបញ្ហានេះ យើងក៏សម្រេចអនុញ្ញាតឱ្យបុគ្គលិកបន្តធ្វើការពីផ្ទះដោយស្ម័គ្រចិត្តរហូតដល់ពាក់កណ្ដាលឆ្នាំក្រោយ”។
មុននោះ បុគ្គលិករបស់ Facebook ចំនួន45,000នាក់ ត្រូវបានអនុញ្ញាតឱ្យធ្វើការពីចម្ងាយតាំងពីខែមីនា ប៉ុន្តែមិនទាន់បានកំណត់ច្បាស់លាស់ថា ពេលណាទើបអាចត្រលប់មកធ្វើការក្នុងក្រុមហ៊ុនវិញនោះទេ។ ពួកគេនៅតែទទួលបានប្រាក់ខែពេញលេញ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភចំនួន1,000ដុល្លារដើម្បីដោះស្រាយបញ្ហាក្នុងសម័យCOVID-19នេះ។
កាលពីចុងខែកក្កដា Google ក៏ជាក្រុមហ៊ុនបច្ចេកវិទ្យាធំដំបូងគេនៅជ្រលងភ្នំSilicon បានប្រកាសបន្តឱ្យបុគ្គលិករបស់ខ្លួនចំនួនជិត200,000នាក់នៅទូទាំងពិភពលោក បំពេញការងារពីចម្ងាយរហូតដល់ខែមីថុនាឆ្នាំ2021។
លោក Sundar Pichai ដែលជា CEO របស់ Alphabet (Google) បានសរសេរនៅក្នុងអ៊ីមែលដែលផ្ញើទៅកាន់បុគ្គលិករបស់ខ្លួនថា “ខ្ញុំដឹងថាប្រការនេះមិនងាយស្រួលឡើយ។ ខ្ញុំសង្ឃឹមថា ការសម្រេចចិត្តថ្មីនេះនឹងជួយឱ្យអ្នកទាំងអស់គ្នា មានភាពម្ចាស់ការជាងមុនក្នុងការធ្វើឱ្យមានតុល្យភាពរវាងការងារក្រុមហ៊ុននិងការថែរក្សាសុខភាពផ្ទាល់ខ្លួន រួមនឹងគ្រួសារក្នុងរយៈពេល12ខែទៅមុខទៀត”។
ចំណែកក្រុមហ៊ុន Microsoft មកដល់បច្ចុប្បន្នមិនទាន់បានចេញសេចក្ដីកែប្រែលើការប្រកាសកាលពីពេលកន្លងទៅដែលថានឹងអនុញ្ញាតឱ្យបុគ្គលិកចូលធ្វើការក្នុងក្រុមហ៊ុនវិញនៅរដូវស្លឹកឈើជ្រុះនៅឡើយ។ រីឯក្រុមហ៊ុន Apple ឯណោះ ក៏បានធ្វើសកម្មភាពទៅតាមកាលៈទេសៈ ដោយបើក-បិទហាងរបស់ខ្លួនទៅតាមការប្រែប្រួលនៃស្ថានភាពរបស់COVID-19៕
ប្រភព៖ សារព័ត៌មានបរទេស