អាការវិតក្កកង្វល់ ឬភ័យខ្លាចនេះ គឺជាអ្វីដែលមនុស្សគ្រប់រូបត្រូវតែធ្លាប់ជួបទាំងអស់ តែនឹងតិច ឬច្រើនប៉ុនណា ត្រង់នេះអាស្រ័យលើករណីរបស់មនុស្សម្នាក់ៗ រឹតតែជាក្មេងផងនោះ ពេលដែលភ័យខ្លាច ឬមានកង្វល់ តើមនុស្សចាស់ ឬឪពុកម្តាយនឹងជួយកុមារឱ្យឆ្លងកាត់អារម្មណ៍មិនសប្បាយចិត្តនេះបានយ៉ាងដូចម្តេច?
មានពាក្យសំដីជាច្រើនដែលឪពុកម្តាយនិយាយជាមួយកូនដោយបំណងប្រាថ្នាល្អ ចង់ឱ្យកូនសម្លាញ់បាត់ភ័យខ្លាច តែពាក្យខ្លះ ក័មិនអាចជួយអ្វីបានដែរ និងអាចនឹងធ្វើឱ្យកូនរឹតតែភ័យខ្លាចឡើងក៏មានដែរ ដូច្នេះតើមានពាក្យសំដីអ្វីខ្លះដែលមិនគួរ និងគួរនិយាយ?
“មិនបាច់ខ្លាចទេណា៎ មិនអីទេកូន…”
ក្មេងៗពេលដែលភ័យខ្លាច ឬមានកង្វល់ វាមិនមែនត្រឹមតែជាអារម្មណ៍ដែលភ័យខ្លាចនោះទេ តែជារាងាកាយដែលសម្តែងចេញមក បេះដូងលោតញាប់ ដៃត្រជាក់ស្រេប ញ័រ ចង់មិនភ័យខ្លាចដែរ តែធ្វើមិនបាន ព្រោះរាងកាយមិនធ្វើតាម។
– រឿងដែលឪពុកម្តាយគួរធ្វើ
បើកូនភ័យខ្លាច មានកង្វល់ខ្លាំង នឹងមានអាការបេះដូងលោតញាប់ ញ័រខ្លួន ដៃជើងត្រជាក់ ចូរឱ្យកូនដកដង្ហើមចេញចូលវែងៗ (ធ្វើឱ្យកូនមើលជាគំរូ) ព្រោះនៅពេលដែលរាងកាយល្អប្រសើរឡើង កូននឹងដឹងថា ចាប់ផ្តើមលែងអីហើយ។
” ប៉ា និងម៉ាក់មិនយល់សោះថា ហេតុអីបានកូនត្រូវភ័យខ្លាចដល់ថ្នាក់ហ្នឹង?”
ក្មេងដែលភ័យខ្លាច ឬមានកង្វល់ នឹងមានអារម្មណ៍មិនល្អ មានអារម្មណ៍ដូចមិនអាចជួយខ្លួនឯងបានស្រាប់ទៅហើយ ដូច្នេះការយល់ចិត្ត ការអាណិតអាសូរគឺជារឿងដែលកូនត្រូវការពីមនុស្សដែលគេស្រឡាញ់ និងទុកចិត្តដូចជាឪពុកម្តាយនេះ។
– រឿងដែលឪពុកម្តាយគួរធ្វើ
សាកល្បងនឹកគិតទៅដល់ពេលដែលឪពុកម្តាយខ្លួនឯងភ័យខ្លាច ឬមានកង្វល់វិញ តើមានអារម្មណ៍យ៉ាងណាខ្លះ? ដូច្នេះពាក្យសំដីដែលនឹងជួយកូនបានខ្លាំងបំផុតនោះគឺ “ប៉ាយល់” “ម៉ាក់ដឹងថាវាយ៉ាងម៉េច” ដើម្បីឱ្យកូនដឹងថា ឪពុកម្តាយយល់ចិត្តគេ ដឹងពីអារម្មណ៍របស់គេ។
ការស្គាល់កូនច្បាស់ ការយល់ចិត្ត ការអាណិតអាសូរ និងក្តីស្រឡាញ់ គឺជាចំណុចសំខាន់បំផុតក្នុងការជួយកូនឱ្យឆ្លងផុតពីក្តីភ័យខ្លាច និងក្តីកង្វល់បារម្ភទាំងឡាយ ព្រោះនៅពេលកូនមានអារម្មណ៍ភ័យខ្លាច ឬមានកង្វល់គេតែងនឹងឃើញឪពុកម្តាយមុនអ្វីៗទាំងអស់៕