Mark Zuckerberg បច្ចុប្បន្នគឺជាអ្នកមានជាងគេលំដាប់ទី3ក្នុងពិភពលោក បន្ទាប់ពីម្ចាស់ Amazon គឺលោក Jeff Bezos និងសហស្ថាបនិករបស់ Microsoft លោក Bill Gates។
យោងតាម Bloomberg Billionaires Index មហាសេដ្ឋីវ័យ36ឆ្នាំ Mark Zuckerberg មានទ្រព្យចំនួន100ពាន់លានដុល្លារអាមេរិក។ លោកគឺជាមនុស្សទី3 បន្ទាប់ពីលោក Jeff Bezos (ម្ចាស់ Amazon) និងលោក Bill Gates (សហស្ថាបនិករបស់ Microsoft) ដែលមានទ្រព្យរយពាន់លានដុល្លារអាមេរិក។ ទ្រព្យសម្បត្តិរបស់លោក Zuckerberg ភាគច្រើនបានមកពីភាគហ៊ុនចំនួន13% របស់លោក នៅក្នុងក្រុមហ៊ុន Facebook។
មូលបត្រ Facebook កាលពីម្សិលមិញបានកើន6.5% ដែលនេះគឹជាកំណត់ត្រាថ្មី និងកើតឡើងដោយសារក្រុមអ្នកវិនិយោគជឿជាក់ទៅលើការដែលក្រុមហ៊ុននេះឧទ្ទេសនាម Reals ដែលជាគូប្រជែងរបស់បណ្ដាញសង្គមវីដេអូខ្លី TikTok របស់ចិន។ កត្តានេះបានជួយឱ្យលោក Zuckerberg រកបានទ្រព្យបន្ថែមចំនួន5.9ពាន់លានដុល្លារដោយប្រើពេលត្រឹមតែមួយរាត្រីប៉ុណ្ណោះ។
ចំណែកអ្នកដែលមានជាងគេបង្អស់ក្នុងពិភពលោក នៅតែជា Jeff Bezos ដោយមានទ្រព្យសរុប190ពាន់លានដុល្លារ។ ចំណែកអ្នកមានជាងគេលំដាប់ទី2ក្នុងពិភពលោក គឺលោក Bill Gates ដោយមានទ្រព្យសរុប120ពាន់លានដុល្លារអាមេរិក។
មហាសេដ្ឋីបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ថ្មីៗនេះ រកបានប្រាក់យ៉ាងច្រើនសន្ធឹក និងយ៉ាងឆាប់រហ័សបំផុត បើទោះសេដ្ឋកិច្ចសហរដ្ឋអាមេរិកកំពុងធ្លាក់ទៅក្នុងវិបត្តិដោយសារCOVID-19យ៉ាងណាក៏ដោយ។ ទ្រព្យរបស់ Zuckerberg បានកើត22ពាន់លានដុល្លារបន្ថែមទៀតនៅក្នុងឆ្នាំនេះ ខណៈដែល Bezos រកបាន75ពាន់លានដុល្លារ រាប់ចាប់ពីដើមឆ្នាំមកដល់បច្ចុប្បន្ន។
ក្រុមហ៊ុនបច្ចេកវិទ្យាធំៗបំផុតនៅសហរដ្ឋអាមេរិកចំនួន5 ដែលរួមមាន Apple, Amazon, Alphabet, Facebook និង Microsoft បច្ចុប្បន្នមានទុនប្រហាក់ប្រហែលនឹង30% នៃ GDP សរុបរបស់ប្រទេសនេះ៕
ប្រភព៖ Bloomberg