យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈស្តីពីការអនុញ្ញាតបើកដំណើរការឡើងវិញនូវរោងភាពយន្តក្នុងរាជធានីភ្នំពេញ បានឱ្យដឹងថា ជាការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវី៨-១៩ និងយោងតាមលិខិតលេខ ០៤៣សខល ចុះថ្ងៃ ទី១៧ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល, បណ្តារោងភាពយន្ត និងរោងសម្តែងសិល្បៈនៅទូទាំង ប្រទេស បានចូលរួមអនុវត្តយ៉ាងពេញលេញតាមការណែនាំ ដោយបានបញ្ឈប់សកម្មភាពចាក់បញ្ចាំងភាពយន្ត និងសកម្មភាពសម្តែងសិល្បៈនានា ចាប់ពីពេលនោះមក។
ដើម្បីជួយសម្រាលការលំបាកផ្នែកសេដ្ឋកិច្ច ក៏ដូចជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់សិល្បករ សិល្បការិនី ព្រមទាំងផលិតករ អាជីវករ ម្ចាស់រោងភាពយន្ត និងរោងសម្តែងសិល្បៈ ក្នុងបុព្វហេតុអភិរក្សនិងលើក ស្ទួយវិស័យសិល្បៈវប្បធម៌ជាតិ រាជរដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ឱ្យបើកដំណើរការឡើងវិញនូវ រោងភាពយន្ត និងរោងសម្តែងសិល្បៈ ដោយតម្រូវឱ្យគោរពតាមគោលការណ៍ស្តង់ដាប្រតិបត្តិ (SOP) ដែលរៀបចំ ឡើងដោយក្រសួងសុខាភិបាល និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលក្ខខណ្ឌតម្រូវសុវត្ថិភាពនានា រួមមាន៖
១. រោងភាពយន្ត និងរោងសម្តែងសិល្បៈ ដែលមានបំណងបើកដំណើរការសកម្មភាពរបស់ខ្លួនឡើងវិញ ត្រូវដាក់ពាក្យស្នើសុំ និងចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បី ធានាការអនុវត្តនូវគោលការណ៍ស្តង់ដាប្រតិបត្តិឱ្យបានត្រឹមត្រូវ។
២. ការអនុញ្ញាតឱ្យបើកដំណើរការរោងភាពយន្ត និងរោងសម្តែងសិល្បៈឡើងវិញ បន្ទាប់ពីរោងភាពយន្ត ឬ រោងសម្តែងសិល្បៈទាំងនោះបានត្រៀមរៀបចំខ្លួនរួចរាល់ និងប្តេជ្ញាចិត្តក្នុងការអនុវត្តតាមលក្ខខណ្ឌតម្រូវ សុវត្ថិភាព ដូចមានចែងក្នុងគោលការណ៍ស្តង់ដាប្រតិបត្តិការពារការចម្លងវីរុសកូវីដ-១៩។
៣. ការបើកដំណើរការរោងភាពយន្ត និងរោងសម្តែងសិល្បៈឡើងវិញ គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត ដោយមានការទទួលខុសត្រូវខ្ពស់ និងចូលរួមសហការពេញលេញជាមួយក្រុមការងារចម្រុះរបស់ក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងសុខាភិបាល ដែលមានភារកិច្ចចុះត្រួតពិនិត្យតាមដានការអនុវត្តគោលការណ៍ស្តង់ដាប្រតិបត្តិ និងសេចក្តីណែនាំនានារបស់ក្រសួងសុខាភិបាល។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មាន និងសូមសិល្បករ សិល្បការិនី ព្រមទាំងផលិតករ អាជីវករ ម្ចាស់រោងភាពយន្ត និងរោងសម្តែងសិល្បៈ ដែលមានបំណងបើកដំណើរការរោង ភាពយន្ត និងរោងសម្តែងសិល្បៈឡើងវិញ ត្រូវមកដាក់ពាក្យស្នើសុំនៅនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សា វប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។