ការសាកល្បងហោះហើររយៈចម្ងាយខ្លីនៃរ៉ុកកែត Starship នេះ អាចបង្កើតបានជាជំហានធំមួយសម្រាប់មនុស្សនៅក្នុងដំណើរឆ្ពោះទៅរុករកពិភពព្រះអង្គារនាពេលដ៏ខ្លីខាងមុខ។
នៅក្នុងការសាកល្បងនេះ ឧបករណ៍ហោះហើរ Starship SN5 បានហោះឡើងទៅលើក្នុងរយៈពេលត្រឹមតែ40វិនាទីប៉ុណ្ណោះ នៅឯមូលដ្ឋានរបស់ SpaceX ដែលមានទីតាំងក្នុងភូមិ Boca Chica ភាគខាងត្បូងរដ្ឋ Texas សហរដ្ឋអាមេរិក។ គំរូ Starship SN5 ធ្វើអំពីដែកថែបមិនច្រែះនេះ ត្រូវបានបាញ់បង្ហោះសាកល្បងនៅវេលាម៉ោង6និង57នាទីព្រឹក ថ្ងៃទី5សីហា (ម៉ោងនៅកម្ពុជា) ហើយបានហោះឡើងដល់កម្ពស់150ម៉ែត្រ។ ក្រោយមក វាក៏បានចុះចតទៅតាមគម្រោងដោយជោគជ័យ។
SN5 គឺជាគំរូ Starship ទីពីររបស់ក្រុមហ៊ុន SpaceX ដែលបានហោះផុតពីដី។ មុននោះ យានដែលមានរូបរាងតឿ Starhopper ក៏ធ្លាប់ត្រូវបានបាញ់បង្ហោះឡើងជាច្រើនដងកាលពីរដូវក្ដៅ2019 នៅមុនពេលផ្អាកដំណើរការ។ មុនយាន SN5 យានមួយចំនួនដែលជាកំណែសាកល្បង ត្រូវបានបំផ្លាញក្នុងពេលធ្វើការសាកល្បងសម្ពាធ និងបញ្ឆេះម៉ាស៊ីន។
Starhopper និង SN5 សុទ្ធតែបំពាក់ម៉ាស៊ីន Raptor ដែលជាម៉ាស៊ីជំនាន់ថ្មីដ៏ខ្លាំងក្លារបស់ SpaceX។ កំណែ Starship ចុងក្រោយនឹងត្រូវបានបំពាក់ម៉ាស៊ីន Raptor ចំនួន6 និងមានកម្ពស់50ម៉ែត្រ ហើយអាចដឹកមនុស្សបាន100នាក់។ យាននេះនឹងត្រូវបានបាញ់បង្ហោះចេញពីពិភពផែនដីជាមួយនឹងរ៉ុកកែត Super Heavy ដែលមានបំពាក់ម៉ាស៊ីន Raptor ចំនួន31គ្រឿង។ ឧបករណ៍ទាំង2នេះក៏សុទ្ធតែអាចប្រើប្រាស់ឡើងវិញបានដូចគ្នា។ Super Heavy នឹងចុះចតលើផែនដីវិញបន្ទាប់ពីការហោះហើរម្ដងៗ។ ចំណែកយាន Starship ក៏មានថាមពលគ្រប់គ្រាន់ដើម្បីហោះទៅដល់ឋានព្រះចន្ទ និងផ្កាយព្រះអង្គារ។
បើសិនជាដំណាក់កាលអភិវឌ្ឍ Starship និង Super Heavy ដំណើរការដោយរលូត យានទាំងនេះនឹងអនុញ្ញាតឱ្យមនុស្សកសាងមូលដ្ឋានរបស់ខ្លួននៅលើពិភពព្រះអង្គារក្នុងរយៈពេលពី50ទៅ100ឆ្នាំខាងមុខ។
ប្រភព៖ Space