ក្នុងកិច្ចប្រជុំតាមអ៊ិនធើណិត របស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក ឬ FIFA ដោយមានការចូលរួមពីសំណាក់ប្រធាន FIFA លោក Gani Infino ជាមួយនឹងសហព័ន្ធបាល់ទាត់អាស៊ាន (AFF) កាលពីពេលកន្លងទៅនេះ បានបញ្ជាក់ថា តំបន់អាស៊ាន មិនទាន់បានធូរស្បើយនៅឡើយទេពីជំងឺកូវីដ-19។
នៅក្នុងកិច្ចប្រជុំនេះ FIFA បានសួរពីស្ថានភាពរបស់វិស័យបាល់ទាត់នៅក្នុងតំបន់អាស៊ាន និងស្ថានភាពរបស់សមាគមបាល់ទាត់នីមួយៗនៅអាស៊ាន បន្ទាប់ពីជួបប្រទះការឆ្លងរាលដាលនៃវីរុស Covid-19 កន្លងមក ដោយក្នុងនោះ លោកបានដឹងថា តំបន់អាស៊ាន បានទទួលរងផលប៉ះពាល់ពីគ្រប់ទិដ្ឋភាពទាំងអស់ ជាពិសេសបញ្ហាហិរញ្ញវត្ថុ ដោយសារអ្នកគាំទ្រមិនអាចចូលរួមក្នុងការគាំទ្រ ទើបជាមូលហេតុធ្វើឱ្យប្រទេសអាស៊ានទាំងអស់ បានស្នើសុំឱ្យ FIFA ពិចារណាជាបន្ទាន់ក្នុងការពន្យារពេលការប្រកួតនានា។
គួរបញ្ជាក់ដែរថា ការប្រកួតវគ្គជម្រុះ World Cup 2022 ទើបតែដល់ពាក់កណ្តាលផ្លូវទេ ដោយនៅសល់ការប្រកួត ស្ទើរតែពាក់កណ្តាលទៀតឯណោះ ហើយប្រទេសនានាក្នុងតំបន់កំពុងតែបិទព្រំដែន ដែលធ្វើឱ្យពិបាកក្នុងការរៀបចំការប្រកួតដែលនៅសេសសល់ទាំងនោះ៕