ជុំវិញកិច្ចប្រជុំ របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ជាមួយនឹងលោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ឬ FIFA ប្រទេសដែលជាសមាជិកអាស៊ានទាំងអស់នឹងទទួលបានថវិកាចំនួន 1.5លានដុល្លារ សម្រាប់ប្រើប្រាស់ក្នុងការស្តារវិស័យបាល់ទាត់របស់ខ្លួនឡើងវិញ ដោយក្នុងនោះ 1លានដុល្លារនឹងផ្តល់ជូនសម្រាប់សកម្មភាពបាល់ទាត់បុរស ហើយកន្លះលានដុល្លារទៀត នឹងផ្ដល់ជូនសម្រាប់បាល់ទាត់នារី។
យោងតាមគេហទំព័រ FIFA.com សហព័ន្ធកីឡាបាល់ទាត់ពិភពលោក បានប្រកាសពីផែនការផ្តល់ជំនួយសង្គ្រោះរបស់ខ្លួន ជុំវិញបញ្ហា COVID-19 ដោយក្រុមប្រឹក្សា បានអនុម័តជាឯកច្ឆន្ទ លើគម្រោងផ្តល់ជំនួយសង្គ្រោះបន្ទាន់របស់ FIFA ដែលបានរៀបចំឡើងដោយរដ្ឋបាលរបស់ FIFA ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយតំណាងសហព័ន្ធ ដោយមាន 3ដំណាក់កាល ហើយផែនការគាំទ្រជាសកលនេះ អាចនឹងត្រូវចំណាយ រហូតដល់ទៅ 1.5ពាន់លានដុល្លារ ដើម្បីជួយដល់សហគមន៍បាល់ទាត់ទាំងមូល៕