Felix G.Dalmas គ្រូបង្គោល នៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបង្ហាញអារម្មណ៍ថា នឹកការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាយ៉ាងខ្លាំង ខណៈដែលលោកកំពុងតែស្នាក់នៅក្នុងប្រទេសជប៉ុន ដើម្បីការពារខ្លួនពីជំងឺកូវីដ-19 ហើយត្រៀមវិលត្រឡប់មកកម្ពុជាវិញក្នុងពេលឆាប់ៗនេះ។
ជុំវិញវិស័យបាល់ទាត់របស់កម្ពុជា លោកបានបន្ថែមថា វាជារឿងល្អដែលកម្ពុជា បានបើកឱ្យមានការប្រកួតក្នុងក្របខ័ណ្ឌលីកឡើងវិញ ជាមួយនឹងការការពារសុវត្ថិភាពបានយ៉ាងល្អ ដោយរក្សាគម្លាតសង្គម ថែមទាំងត្រួតពិនិត្យចំនួន និងសុខភាពក្រុមការងារបាល់ទាត់ទាំងអស់ ដែលនេះជាសញ្ញាល្អមួយសម្រាប់វិស័យបាល់ទាត់របស់កម្ពុជា ក៏ដូចជាផ្តល់ឱកាសដល់កីឡាករទាំងអស់ បានទទួលនូវការប្រកួត ក៏ដូចជាត្រៀមខ្លួនឱ្យបានល្អក្នុងការប្រកួតនាខែតុលាឆាប់ៗខាងមុខនេះ។
គួរដឹងដែរថា លោក Felix G.Dalmas បច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសជប៉ុន ហើយបើគ្មានអ្វីប្រែប្រួលទេនោះ នៅខែតុលា លោកអាចនឹងត្រឡប់មកបន្តដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដើម្បីប្រកួតជម្រុះបាល់ទាត់ពិភពលោក ដែលនៅសេសសល់ជាមួយប្រទេសបារ៉ែន អ៊ីរ៉ង់ និងអ៊ីរ៉ាក់ នៅខែវិច្ឆិកាខាងមុខ៕