ស្ទើរតែគ្រប់ទីកន្លែងទៅហើយជុំវិញពិភពលោក ដែលប្តី-ប្រពន្ធ បងប្អូន ឬក៏កូនៗប្រើប្រាស់របស់រួមគ្នាដូចជាទូរសព្ទជាដើម ហើយរឿងនេះវាសឹងតែក្លាយទៅជាវប្បធម៌ទៅហើយ ដែលមនុស្សគ្រប់គ្នានឹងគិតបែបនេះ ជាពិសេសនារី។ ថ្វីត្បិតតែការចែកគ្នាប្រើបែបនេះវាមានប្រយោជន៍ក៏ពិតមែន ផ្ទុយទៅវិញវាក៏ជាបញ្ហាមួយដែរ ទាក់ទងទៅនឹងឯកសារផ្ទាល់ខ្លួនដែលអាចឱ្យគេចូលមើលបាន។
ដើម្បីរក្សាឯកសារផ្ទាល់ខ្លួនឱ្យកាន់តែមានសុវត្ថិភាពជាងមុន ក្រុមហ៊ុន Google កំពុងធ្វើការកែសម្រួលកម្មវិធី Files by Google ដោយបន្ថែម Safe Folder។ Files by Google ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៧ ដើម្បីជួយកាត់បន្ថយតម្រូវការនៃទំហំផ្ទុកនៅក្នុងទូរសព្ទរបស់លោកអ្នកក្នុងការរក្សាទុកឯកសារ ម្យ៉ាងវិញទៀតដោយសារឯកសារ ត្រូវបានផ្ទុកនៅលើអុិនធឺណិត វាក៏មានភាពងាយស្រួលក្នុងការទាញយកឯកសារទាំងនោះមកប្រើវិញដែរ។
ចំពោះការបន្ថែមមុខងារ Safe Folder គឺប្រៀបបានដូចជាទូរសុវត្ថិភាពមួយដែលអាចចាក់សោបាន ដោយប្រើលេខកូដ ៤ខ្ទង់ ហើយអាចទុក ឯកសារ រូបភាព វីដេអូ ឯកសារជាសំឡេងជាដើម ដើម្បីការពារពីការលួចចូលរបស់អ្នកដទៃ។ Folder នឹងត្រូវចាក់សោដោយស្វ័យប្រវត្តិនៅពេលយើងចាកចេញពីកម្មវិធីនេះ ដែលមិនអាចឱ្យអ្នកណាចូលមើលឯកសារដែលមាននៅក្នុង Folder នេះបានទេ ហើយវានឹងទាមទារឱ្យវាយលេខសម្ងាត់នៅពេលដែលយើងចង់ចូលម្តងទៀត។ សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុមហ៊ុន Google កំពុងដាក់ប្រើប្រាស់សាកល្បង (beta) នូវមុខងារ Safe Folder ហើយនឹងដាក់ឱ្យប្រើប្រាស់ជាទូទៅក្នុងពេលអនាគត៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា