ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹងប្រជុំពិភាក្សាយ៉ាងហ្មត់ចត់លើសេចក្តីព្រាងយុទ្ធសាស្ត្រស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ដោយមានការចូលរួមពីរដ្ឋមន្ត្រីនៃក្រសួងសេដ្ឋកិច្ច ក្រសួងអប់រំ និងក្រសួងសុខាភិបាល។
តាមការបញ្ជាក់របស់ស្ថាប័នយ៉ាងសំខាន់ខាងលើបានបញ្ជាក់ថា គ្រឹះស្ថានសិក្សាត្រូវសម្របតាមជីវិតរស់នៅធម្មតាបែបគន្លងថ្មី (New Normal Life) តាមរយៈការអនុវត្តវិធានការសុវត្ថិភាពសិក្សា ដើម្បីការពារសុវត្ថិភាពអ្នកសិក្សា បុគ្គលិកសិក្សា បុគ្គលិកបម្រើការផ្សេងទៀត និងផ្តល់ទំនុកចិត្តដល់មាតាបិតា។ ក្នុងស្ថានភាពនេះ ក្រសួងអប់រំ បានរៀបចំយុទ្ធសាស្ត្របើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ដោយឈរលើអភិក្រម2 គឺទី1 ការបើកដំណើរការឡើងវិញតាមដំណាក់កាលនូវគ្រឹះស្ថានដែលបានអនុវត្តត្រឹមត្រូវតាម ស្តង់ដារសុវត្ថិភាពសុខភាព និងទី2 គឺការអនុវត្តវិធីសាស្ត្រនៃការសិក្សាតាមបែបចម្រុះ គឺការសិក្សាក្នុងថ្នាក់រៀន ការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក និងតាមបែបប្រពៃណី (សន្លឹកកិច្ចការជំនួយ) រួមទាំងការធ្វើស្វ័យសិក្សា (សម្រាប់សិស្សនៅទីជនបទ)។
ផ្អែកលើកគោលការណ៍ទាំង2 ខាងលើនេះ ក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រស្តីពីការបើកដំណើរការសាលារៀនឡើងវិញ ដោយផ្អែកលើចំណុចសំខាន់ៗចំនួន5 គឺ៖
- ក្រសួងរៀបចំការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញជា 3 ដំណាក់កាល បន្តបន្ទាប់គ្នា ។
- គ្រឹះស្ថានសិក្សាមិនទាន់អាចដំណើរការឡើងវិញ ពេញលេញនៅឡើយ និងត្រូវអនុវត្តនូវវិធីសាស្ត្រចម្រុះគឺ ការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក និងតាមប្រព័ន្ធប្រពៃណី (សម្រាប់ទីជនបទ) រួមជាមួយនឹងការសិក្សានៅក្នុងថ្នាក់រៀន ។
- ការអនុញ្ញាតឱ្យបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ តាមដំណាក់កាលនីមួយៗ បន្ទាប់ពីគ្រឹះស្ថានសិក្សា ទាំងនោះបានត្រៀមខ្លួនរួចរាល់ និងអនុវត្តបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវសុវត្ថិភាព ដែលកំណត់ដោយក្រសួងសុខាភិបាល និងលក្ខខណ្ឌតម្រូវបច្ចេកទេសនៃការសិក្សា និងការបង្រៀន ដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា ។
- ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត ដោយមានការទទួលខុសត្រូវ ខ្ពស់ និងការប្តេជ្ញាចិត្តក្នុងការអនុវត្តវិធានការសុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
- ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក៏ឈរលើគោលការណ៍នៃទីតាំងភូមិសាស្ត្រ នៃកម្រិតហានិភ័យ របស់ការរាលដាលនៃជំងឺCovid-19៕