សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) កាលពីថ្ងៃទី30 ខែកក្កដា កន្លងទៅនេះ បានប្រកាសយ៉ាងតក់ក្រហល់ថា ការប្រកួតពានរង្វាន់ AFF Suzuki Cup 2020 (ឆ្នាំនេះ) នឹងមិនត្រូវបានរៀបចំធ្វើឡើយ ដោយសារតែមេរោគកូវីដ-19 កំពុងតែបង្កើនល្បឿននៅក្នុងតំបន់អាស៊ានទាំងមូល ហើយសង្ឃឹមថា នឹងអាចរៀបចំធ្វើឡើងវិញ នៅឆ្នាំ2021 ប្រសិនបើមានលទ្ធភាព។
តាមការបញ្ជាក់ដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ាន បានសង្គត់ធ្ងន់ថា សម្រាប់ AFF សុខភាព និងសុវត្ថិភាពរបស់កីឡាករ គ្រូបង្វឹក ដៃគូសហការ អ្នកគាំទ្រ និងសាធារណជនមានអាទិភាពខ្ពស់ជាងគេ ហើយការសម្រេចពន្យារពេលការប្រកួតដល់ឆ្នាំ2021 គឺដើម្បីការពារសុខុមាលភាពរបស់មនុស្សគ្រប់គ្នាដែលចូលរួមក្នុងព្រឹត្តិការណ៍ AFF Suzuki Cup។ គណៈកម្មាធិការក្រុមការងារពិសេសនៃពាន AFF Suzuki Cup បានធ្វើការពិភាក្សាយ៉ាងល្អិតល្អន់ មុននឹងឈានដល់ការសម្រេចចិត្តនេះ។
គួររំឭកដែរថា តាមកម្មវិធីចាស់ ការប្រកួតពានរង្វាន់នេះ នឹងត្រូវធ្វើឡើងនាអំឡុងខែវិច្ឆិកា ហើយបញ្ចប់ទៅវិញនៅចុងខែធ្នូ ដោយប្រទេសនានានឹងត្រូវប្រកួតគ្នាម្នាក់ 2ប្រកួត ដោយប្រទេសនីមួយៗនឹងធ្វើជាម្ចាស់ផ្ទះប្តូរវេនគ្នាម្នាក់ 1ប្រកួត៕