មន្ទីរធ្វើតេស្តរកមេរោគកូវីដ-19 របស់ក្រុមហ៊ុន Samsung ដែលមានទីតាំងនៅរោងចក្រ Hwaseong ត្រូវបានសាងសង់ឡើងក្នុងគោលបំណងជំរុញដល់វិធានការទប់ស្កាត់ជំងឺកូវីដ-19 ឱ្យមានប្រសិទ្ធភាពខ្ពស់ និងដើម្បីរក្សាសុវត្ថិភាពបុគ្គលិករបស់ខ្លួនផងដែរ។ Samsung បានក្លាយជាក្រុមហ៊ុនឯកជនដំបូងគេនៅប្រទេសកូរ៉េខាងត្បូង ដែលមានមន្ទីរសម្រាប់ធ្វើតេស្តរកមេរោគកូវីដ-19 ផ្ទាល់ខ្លួន។
បន្ថែមពីនេះដែរ ក្រុមហ៊ុន Samsung ក៏នឹងប្រើប្រាស់មន្ទីរធ្វើតេស្តរបស់ខ្លួននេះ ដើម្បីជួយដល់ប្រជាពលរដ្ឋនៅក្រុង Hwaseong ផងដែរ ហើយបច្ចុប្បន្ន Samsung ថែមទាំងកំពុងពិចារណាថា នឹងបើកមន្ទីរធ្វើតេស្តរកមេរោគកូវីដ-19 បន្ថែមទៀត នៅតាមទីតាំងផលិតកម្មរបស់ខ្លួននៅកូរ៉េខាងត្បូង។ អាជីវកម្មស្មាតហ្វូន និងទូរទស្សន៍របស់ Samsung បានរងផលប៉ះពាល់ដោយសារជំងឺឆ្លងកូវីដ-19 តែយ៉ាងណាក្ដី អាជីវកម្មផលិតបន្ទះឈីប នៅតែមានលទ្ធផលល្អដូចមុនដដែល។
Samsung រំពឹងថា គ្រប់យ៉ាងនឹងវិលត្រឡប់មករកសភាពដើមវិញ នៅត្រឹមដំណាច់ឆ្នាំ2020 ឬនៅត្រីមាសដំបូងនៃឆ្នាំ2021៕