កន្លងមក ប្រជាជនជាច្រើនតែងតែមានចម្ងល់ពាក់ព័ន្ធនឹងនីតិវិធី ឬបញ្ហានានាជុំវិញបញ្ហាអត្តសញ្ញាណ ដូចជាបញ្ហាអត្រានុកូលដ្ឋាន សញ្ញាតិ អត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែនជាដើម តែមិនដឹងជាត្រូវសួរទៅខាងណាដើម្បីឱ្យទទួលបានព័ត៌មានឆាប់រហ័ស។
ដើម្បីសម្រួលដល់ការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ អគ្គនាយដ្ឋានអត្តសញ្ញាណកម្ម ក៏បានបង្កើតគេហទំព័រ និងផ្តល់លេខទូរស័ព្ទជាសាធារណៈដើម្បីជូនព័ត៌មានដល់ប្រជាពលរដ្ឋដែរ តែប្រជាជនជាច្រើននៅតែត្រូវការព័ត៌មាន និងភាពឆាប់រហ័សកាន់ចំពោះសេវាផ្តល់ព័ត៌មាននេះ។
ជាដំណឹងល្អ ថ្មីៗនេះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចេញសេចក្តីជូនដំណឹងពាក់ព័ន្ធនឹងការបង្កើតកម្មវិធីទូស័ព្ទដៃឆ្លាតវៃ ដែលមានឈ្មោះថា កម្មវិធីសេវាកម្មអត្តសញ្ញាណកម្ម (GDI eServices) ដែលអាចទាញយកបានដោយឥតគិតថ្លៃតាមរយៈកម្មវិធី App Store និង Google Play។ បន្ថែមពីលើនេះ អគ្គនាយកដ្ឋាន ក៏បានបង្កើតទូរស័ព្ទប្រចាំការលេខ 1271 ដោយឥតគិតថ្លៃដើម្បីឆ្លើយតបផងដែរ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា ការរៀបចំនូវប្រព័ន្ធទាំងនេះ គឺដើម្បីឆ្លើយតបតាមសំណូមពរ មតិយោបល់ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋពាក់ព័ន្ធការងារផ្តល់សេវាអត្តសញ្ញាណកម្មគ្រប់ប្រភេទ៕