មួយរយៈពេលចុងក្រោយនេះ ចំនួនអ្នកជំងឺ Covid-19 នៅកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ ដោយ 100% នៃអ្នកជំងឺរលាកសួតថ្មីនេះ កើតឡើងចំពោះអ្នកដែលធ្វើដំណើរពីក្រៅប្រទេស។ ហេតុនេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចាត់វិធានការនានា ដោយរួមទាំងបិទជើងហោះហើរពីតំបន់មួយចំនួនដែលប្រឈមខ្លាំងនឹងការឆ្លងជំងឺ Covid-19 ថែមទៀតផង។
នៅថ្ងៃទី 5 ខែសីហា ឆ្នាំ2020 នេះ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសជប៉ុន បានបញ្ជាក់ថា ដោយសារការរីករាលដាលនៃជំងឺ Covid-19 ក្រុមហ៊ុនអាកាសចរណ៍ ALL NIPPON AIRWAYS (ANA) បានផ្អាកជើងហោះហើរ ណារីតា-ភ្នំពេញ និងភ្នំពេញ-ណារីតា រហូតដល់ថ្ងៃទី 30 ខែកញ្ញាឆ្នាំ2020។ ក្រុមហ៊ុននឹងប្រកាសអំពីការហោះហើរឡើងវិញនៅពេលសមស្រប។
គួរបញ្ជាក់ថា កន្លងមកកម្ពុជាក៏ធ្លាប់បានប្រកាសបិទជើងហោះហើរពីប្រទេសម៉ាលេស៊ី និងឥណ្ឌូណេស៊ីផងដែរ ដើម្បីទប់ស្កាត់កុំឱ្យមានការឆ្លងរីករាលដាលជំងឺ Covid-19៕