នៅដើមខែសីហានេះ កម្ពុជាកំពុងរៀបចំគិតគូរពីការដាក់ឱ្យដំណើរការសាលារៀនឡើងវិញ តែទន្ទឹមនឹងនេះ ក្រសួងអប់រំ ក៏បានផ្តោតខ្លាំងផងដែរលើការការពារសុវត្ថិភាពរបស់សិស្សានុសិស្សទាំងឡាយនៅទូទាំងប្រទេស។ ដើម្បីឆ្លើយតបទៅនឹងការការពារជំងឺ Covid-19 មិនឱ្យរីករាលដាលក្នុងសាលារៀន ក្រសួងអប់រំ បានចេញនូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ដើម្បីដំណើរការសាលារៀនឡើងវិញក្នុងបរិបទនៃជំងឺ Covid-19។
ក្រសួងអប់រំ បានបញ្ជាក់ថា ចាប់តាំងពីការរកឃើញការឆ្លងជំងឺ Covid-19 ក្រសួងបានចេញនូវវិធានការជាច្រើន ដូចជាចេញសេចក្តីជូនដំណឹង និងសេចក្តីណែនាំជាច្រើនពាក់ព័ន្ធនឹងវិធាននានាដោយក្នុងនោះ ចំណុចសំខាន់ទី1 គឺវិធានការសុខភាព ដោយអនុលោមទៅតាមសេចក្តីណែនាំ និងវិធានការបច្ចេកទេសចាំបាច់របស់អង្គការសុខភាពពិភពលោក។ ចំណុចទី2 គឺការរៀបចំរដ្ឋបាលឌីជីថល ចំណុចទី3 ការលើកកម្ពស់វិធានការគម្លាតសុវត្ថិភាព និងចំនុចទី4 គឺការរៀបចំប្រព័ន្ធអប់រំអេឡិចត្រូនិក និងការផ្តល់សេវារៀនពីចម្ងាយ។
ឯកឧត្តម ហង់ ជួនណារ៉ុន បានបញ្ជាក់ថា ក្រសួងអប់រំ បានរៀបចំយុទ្ធសាស្ត្រស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ដោយឈរលើអភិក្រមចំនួន2 គឺ ទី1 ការបើកដំណើរការដំណាក់កាលសម្រាប់គ្រឹះស្ថានសិក្សាណាដែលអាចអនុវត្ត ស្តង់ដាសុវត្ថិភាពសុខភាព និងទី2 ការអនុវត្តសិក្សាតាមបែបចម្រុះ ដោយគួបផ្សំការសិក្សាក្នុងថ្នាក់រៀន និងការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក និងតាមបែបប្រពៃណី រួមទាំងការធ្វើស្វ័យសិក្សា សម្រាប់សិស្សនៅទីជនបទ។
ឯកឧត្តមថា គោលកាណ៍ប្រតិបត្តិស្តង់ដាសម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទនៃជំងឺ Covid-19 ដែលបានរៀបចំឡើងនេះ មានវត្ថុបំណងណែនាំអំពីវិធានានា រួមទាំងវិធានសុខភាព ដើម្បីគ្រឹះស្ថានសិក្សាអាចរៀបចំ និងត្រៀមលក្ខណៈដំណើរការការបង្រៀន និងរៀនឡើងវិញ ក៏ដូចជាការបន្តគ្រប់គ្រងគ្រឹះស្ថានសិក្សានីមួយៗឱ្យមាននិរន្តភាព ធានានូវសុវត្ថិភាព សុខភាពសម្រាប់បុគ្គលិកសិក្សា គ្រូបង្រៀន និងសិស្សានុសិស្សក្នុងបរិបទ Covid-19 និងទៅអនាគត៕