តើក្រោយពេលរៀបការហើយមានសេចក្តីសុខពិតមែនឬ? តាមរយៈដែលមានការធ្វើជំរឿនបានរកឃើញថា គូអាពាហ៍ពិពាហ៍ 10 គូនឹងមានត្រឹមតែ 3 – 4 គូប៉ុណ្ណោះដែលជីវិតគូល្អឥតខ្ចោះ មានសេចក្តីសុខខ្លាំងជាងកាលពីពេលនៅលីវ នេះជាការបង្ហាញឱ្យដឹងថា ឱកាសដែលជីវិតគូបរាជ័យមានច្រើនជាងពាក់កណ្តាលឯណោះ ដូច្នេះតើត្រូវការពារយ៉ាងណា?
បុរសៗរៀបការប៉ុន្មានដងក៏មិនខាតបង់អ្វីដែរ តែស្រ្តីវិញនឹងឈឺចាប់ និងឈឺខ្លាំងជាង និងឱកាសក្នុងការចាប់ផ្តើមជាថ្មីនឹងកាន់តែតិចទៅជារឿយៗ ខាងក្រោមនេះគឺហេតុផល 8 ចំណុចដែល ឡារ៉ែនបានសរុបយកមកជូននារីៗដែលគិតចង់រៀបការ។
1 – កុំរៀបការដោយសារតែខ្លាចថាមិនបានរៀបការ ៈ គូគ្រងដែលរកមកបានដោយការមិនបានពិចារណាឱ្យបានល្អិតល្អន់នោះ នឹងមានផលអាក្រក់ចំពោះជីវិត និងរងទុក្ខសោករហូតដល់ស្លាប់។ មានការងារស្រាវជ្រាវវិភាគជាច្រើនបានបង្ហាញថា ការនៅលីវមានសេចក្តីសុខច្រើនជាងការមានគូគ្រងដែលមិនសមនឹងបំណង។
2 – កុំរៀបការព្រោះតែអ្នកចង់ចាកចេញពីក្រុមគ្រួសារចាស់របស់អ្នក ៈ ព្រោះទោះជាផ្ទះរបស់យើងនឹងមានបញ្ហាច្រើនប៉ុនណាក៏ដោយ តែតើអ្នកនឹងប្រាកដក្នុងចិត្តយ៉ាងណាបានថា ក្រុមគ្រួសារដទៃទៀតគ្មានបញ្ហានោះ?។ ការដែលរៀបការហើយទៅនៅជាមួយក្រុមគ្រួសារមួយផ្សេងដែលអ្នកជាមនុស្សមកពីក្រៅនោះ នឹងមានបញ្ហាដែលអ្នកមិននឹកស្មានដល់ច្រើនណាស់។
3 – កុំរៀបការនៅពេលដែលអ្នកកំពុងតែខកស្នេហ៍ ឬត្រូវការបញ្ឈឺអតីតគូស្នេហ៍ ៈ អំឡុងពេលនោះជាអំឡុងពេលដែលផ្សែងអ័ព្ទខ្មៅកំពុងគ្របដណ្តប់លើជីវិត ចូររង់ចាំឱ្យអ្វីៗគ្រប់យ៉ាងភ្លឺស្រឡះឡើងវិញសិន នោះអ្នកនឹងមើលអ្វីៗឃើញបានកាន់តែច្បាស់។
4 – កុំរៀបការព្រោះតែអ្នកអាណិតគេ ៈ បុរសដែលគួរឱ្យអាណិតច្រើនតែមានចំណុចខ្សោយ មានចំណុចអន់ និងមានទង្វើប្តូរផ្លាស់ច្រើនបន្ទាប់ពីរៀបការហើយ។ ក្តីអាណិតមិនស្ថិតស្ថេរយូអង្វែងស្មើនឹងសេចក្តីស្រឡាញ់ទេ ថ្ងៃណាមួយអ្នកអាចគិតមិនដូចមុន។
5 – កុំរៀបការព្រោះតែឈ្លក់វង្វេងលើរូបកាយ និងទ្រព្យសម្បត្តិរបស់គេតែម្យ៉ាងឱ្យសោះ ៈ រូបរាងមុខមាត់ ទ្រព្យសម្បត្តិជារឿងខាងក្រៅ ជាសំបកក្រៅដែលអ្នកមិនដឹងថា មានសាច់ពិតប្រាកដដែលស្អុយកខ្វក់នៅខាងក្នុងឡើយ។
6 – កុំរៀបការព្រោះតែចង់គេចចេញពីខ្លួនឯង ៈ ព្រោះការរៀបការមិនបានជួយឱ្យអ្នកគេចពីខ្លួនឯងរួចឡើយ ទោះជារៀបការប៉ុន្មានដងក៏ដោយ។
7 – កុំរៀបការព្រោះគិតថា នឹងផ្លាស់ប្តូរនិស្ស័យគេបាន ៈ ក្នុងផ្នែកចិត្តវិទ្យាវិញ និស្ស័យពិតប្រាកដរបស់មនុស្សយើងមិនអាចផ្លាស់ប្តូរបានទេ នឹងនៅតែជាដូច្នោះរហូតមួយជីវិត ដូច្នេះការសម្រេចចិត្តរៀបការដោយគិតថា គេប្រហែលជាផ្លាស់ប្តូរនិស្ស័យក្រោយពេលរៀបការហើយនោះ គឺជាការគិតដែលខុសយ៉ាងធំធេង។
8 – កុំរៀបការព្រោះតែក្តីអផ្សុក ៈ ក្តីអផ្សុកជាឧបករណ៍របស់កម្មម្យ៉ាង បើយើងមិនដឹងពីវិធីចាត់ការជាមួយវាទេនោះ ជីវិតនឹងត្រូវច្បាប់នៃកម្មអូសទាញទៅមិនខាន។ អ្នកខ្លះទៅញៀនថ្នាំញៀន អ្នកខ្លះទៅវក់ល្បែងស៊ីសង ញៀនសុរា អ្នកខ្លះរស់នៅបែបស៊ែរលែជាមួយមិត្តភ័ក្តិ និងប្រាកដណាស់ ការសម្រេចចិត្តរៀបការព្រោះខ្លាចអផ្សុក គឺជាការសម្រេចចិត្តដែលខុសឆ្គង។
ធ្វើតាមច្បាប់ទាំង 8 ចំណុចនេះយ៉ាងម៉ឺងម៉ាត់ អ្នកអាចនឹងក្លាយជាមនុស្សគិតតែពីប្រយ័ត្ន និងមិនទុកចិត្តអ្នកណាទាំងអស់ តែរឿងស្នេហា ពេលខ្លះក៏គ្មានហេតុផលដែរ បើសិនជាអ្នកបានជួបមនុស្សម្នាក់ មនុស្សដែលអ្នកគិតថា គឺម្នាក់ហ្នឹងហើយ ជាសេចក្តីស្នេហាដែលពិតប្រាកដ មិនមែនជាការឈ្លក់វង្វេង មិនមែនជាភាពរ៉ូមែនទិក និងដែលពិតប្រាកដបំផុតនោះគឺ គេត្រូវតែស្រឡាញ់អ្នកយ៉ាងស្មោះស្ម័គ្រទៀតផង បើសិនជាដូច្នោះមែន សម្រេចចិត្តរៀបការតែម្តងទៅ ព្រោះ…សេចក្តីស្រឡាញ់អាចយកឈ្នះគ្រប់អ្វីៗទាំងអស់…ស្រ្តីច្រើនតែកង្វល់រឿងអនាគត…រហូតទាល់តែនាងមានស្វាមី បុរសមិនដែលកង្វល់ពីអនាគតខាងមុខឡើយ…រហូតទាល់តែគេមានភរិយា៕