កូនតូចទើបនឹងកើតដំបូងនៅមានភាពទន់ខ្សោយខ្លាំងណាស់ លោកឪពុកអ្នកម្តាយត្រូវនៅចាំយកចិត្តទុកដាក់មើលថែទាំក្នុងរឿងសុវត្ថិភាពជាពិសេស ដើម្បីសុខភាព និងវិវឌ្ឍនាការដែលល្អរបស់កូនជាទីស្រឡាញ់។ ខាងក្រោមនេះគឺជាទង្វើដែលលោកឪពុកអ្នកម្តាយថ្មោងថ្មីមិនគួរធ្វើជាដាច់ខាតដើម្បីទាំងសុខភាព និងរាងកាយរបស់កូនតូចទើបនឹងកើតដំបូង។
1 – កុំអាលនាំទៅដើរលេងក្រៅផ្ទះ
ទារកក្នុងវ័យនេះប្រព័ន្ធការពារជំងឺក្នុងរាងកាយនៅធ្វើការមិនទាន់ពេញលេញឥតខ្ចោះនៅឡើយទេ ថែមទាំងនៅមិនទាន់បានទទួលវ៉ាក់សាំងការពារជំងឺ និងរោគផ្សេងៗឡើយ ការនាំទារកទៅនៅក្នុងទីកន្លែងដែលពេញទៅដោយល្អងធូលីដី ឬខ្យល់អាកាសពុល ជាដើមនោះ នឹងធ្វើឱ្យប្រថុយប្រថាននឹងការដែលរាងកាយនឹងទទួលមេរោគ និងអាចឈឺថ្កាត់បានយ៉ាងងាយ គួរឱ្យនៅក្នុងផ្ទះសិន ដើម្បីសាងប្រព័ន្ធការពារជំងឺឱ្យរឹងមាំមុននឹងចេញប្រឈមនឹងពិភពខាងក្រៅ និងចូរស្ថិតនៅក្នុងទីកន្លែងដែលមានសុវត្ថិភាពផង។
2 – ហាមឱ្យញ៉ាំអ្វីផ្សេងក្រៅពីទឹកដោះ
អាហារចម្បងតែមួយប្រភេទគត់សម្រាប់ទារកទើបកើតដំបូងគឺ ទឹកដោះម្តាយ ព្រោះក្រពះអាហារ និងពោះវៀនកូនតូចនៅមិនទាន់ត្រៀមខ្លួនក្នុងការទទួលអាហារប្រភេទផ្សេងឡើយ ព្រោះពេលញ៉ាំចូលទៅអាចនឹងធ្វើឱ្យរាករូស និងឈឺថ្កាត់បាន ចំណែកអាហារបន្ថែមអាចចាប់ផ្តើមឱ្យញ៉ាំបាននៅពេលអាយុគ្រប់ 6 ខែ គឺនៅពេលដែលប្រព័ន្ធរំលាយអាហាររបស់កូនត្រៀមស្រេចហើយ។
3 . ប្រើផលិតផលសម្រាប់ទារកតែប៉ុណ្ណោះ
ស្បែករបស់កូនតូចកើតដំបូងមានសភាពស្តើងថ្លាដូចស្លាបសត្វកន្តុំរុយ រហូតអាចមើលឃើញសរសៃឈាមនៅខាងក្នុងបានយ៉ាងច្បាស់ ថែមទាំងនៅលើស្បែកគ្មានមេរោគបាក់តេរីដែលជួយការពារមេរោគពីខាងក្រៅបានដូចមនុស្សធំទៀតផង ទើបស្បែកកូនតូចក្នុងអំឡុងអាយុនេះស្តើងខ្ចីមានឱកាសប្រតិកម្មចាញ់ដោយងាយ និងថែមទាំងងាយកើតដំបៅបានខ្លាំងជាងប្រក្រតីទៀតផង។
ក្រៅពីត្រូវប៉ះពាល់ និងបីពកូនសម្លាញ់យ៉ាងប្រយ័ត្នប្រយែងហើយ ការជ្រើសរើសប្រើផលិតផលសម្រាប់ទារកក៏ចាំបាច់ណាស់ដែរគឺដើម្បីការពារការរលាកក្រហាយស្បែក ទាំងការប្រើប្រាស់ទឹកសាប៊ូលាងសម្អាតឧបករណ៍របស់ប្រើប្រាស់របស់កូនតូច គួរជាផលិតផលសម្រាប់ទារកដែលគ្មានសារធាតុគីមីនៅសេសសល់ផង។
4 – ត្រូវប្រគងទប់កពេលបី ឬព
ឆ្អឹង ឬសន្លាក់របស់កូនតូចទើបកើតដំបូងនៅមិនទាន់រឹងមាំនៅឡើយ អាចនិយាយបានថានៅទន់ស្រួយ និងមានឱកាសងវៀចបានយ៉ាងងាយ ថែមទាំងនៅមិនទាន់អាចទ្រាំទ្របាននឹងកម្លាំងបោកប៉ះ សង្កត់ ឬទាញបានឡើយ ជាពិសេសនៅលើផ្នែកដែលងាយបាក់ និងភ្លាត់គ្រេចញឹកញាប់បំផុតគឺ ឆ្អឹងដៃ ជើង បាតដៃ បាតជើង និងឆ្អឹងស្លាបប្រចៀវ។ ការបីព ឬលេងជាមួយកូនត្រូវតែប្រយ័ត្នប្រយែងកន្លែងដែលមានសន្លាក់ត និងម្តុំកជាពិសេស។ ចំណែកឥរិយាបថគេងសម្រាប់ទារកទើបនឹងកើតវិញ គួរដាក់ឱ្យគេងផ្ងារ ដោយឱ្យដងខ្លួន ដៃ និងជើងព្រលែងសប្បាយៗ មិនឱ្យមានផ្នែកណាមួយត្រូវសង្កត់ ឬកោង-ងឡើយ ឯបញ្ហាដែលច្រើនមានការកង្វល់ថា ក្បាលកូនតូចនឹងសំប៉ែតនោះ ប្រហែលជាមិនគួរឱ្យភ័យខ្លាចស្មើនឹងសុវត្ថិភាពរបស់កូនទេ ដូច្នេះសូមកុំបារម្ភអី។
5 – ហាមចាប់អង្រួន បោះ ឬចាប់យោលខ្លាំងៗជាដាច់ខាត
ខួរក្បាលរបស់កូនតូចខួបដំបូងនៅវិវឌ្ឍមិនទាន់បានពេញទំហឹងទេ ទាំងសរសៃឈាមក៏មានឱកាសដាច់រហែកបានយ៉ាងងាយដែរ ទឹកនៅក្នុងប្រអប់ខួរមានទឹកច្រើនជាងសាច់ខួរក្បាល ការបានទទួលការប៉ះរញ្ជួយខ្លាំងៗ ដូចជា ត្រូវអង្រួន ត្រូវយោក ចាប់បោះទៅលើរួចចាំទ្រវិញ អាចធ្វើឱ្យកើតសភាវ Shaken Baby Syndrom (SBS) គឺអាការដែលសាច់ខួរក្បាលទៅបោកប៉ះនឹងឆ្អឹងលលាដ៍ក្បាលរហូតមានឈាមចេញក្នុងខួរក្បាល ដែលអាការនេះនឹងហុចផលប៉ះពាល់ដល់ការរីកចម្រើនធំធាត់របស់កូនបាន៕