ថ្មីៗនេះ អ្នកលក់Onlineដ៏ល្បីឈ្មោះ អ្នកនាង Love Riya បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមជាច្រើនភ្ញាក់ផ្អើលនៅនឹងរឿងមានចោរចូលគាស់ផ្ទះខ្លួន ខណៈពេលដែលនាងជាមួយនឹងក្រុមគ្រួសារ និងបុគ្គលិកមានដំណើរកម្សាន្តទៅខេត្តកំពត។
ដោយហេតុការណ៍ចោរលួចចូលគាស់ផ្ទះអ្នកនាង រីយ៉ា កើតឡើងកាលពីថ្ងៃទី1 ខែសីហា ឆ្នាំ2020 ក្នុងនោះដែរ នាងក៏បានអះអាងថា កាលកំឡុងពេលនាងទៅដើរលេងនៅក្នុងខេត្តកំពត នាងបានបិទទ្វារបង្អួចផ្ទះជាន់ក្រោមទាំងអស់ ចំណែកជាន់ទីមួយវិញ បានបិទទ្វារតែភ្លេចចាក់សោរ ទើបធ្វើឲ្យចោរចូលផ្ទះបានដោយងាយបែបនេះ។
អ្នកនាង Love Riya និយាយថា នៅក្នុងវីដេអូដែលអ្នកនាងប្រកាសថា បាត់លុយមិនមែនក្នុងបំផុសធ្វើឱ្យសង្គមមានការចលាចលដូចការរិះគន់នោះទេ តែគឺអ្នកនាងចង់និយាយបំភ័យក្រុមចោរ និង ចង់ឱ្យចោរដែលយកបានទូរដែកអាតូចរបស់អ្នកនាងទៅ ដែលនៅក្នុងទូរដែកនោះអត់មានលុយសោះ ចូលមកតវ៉ា និងចេញមុខបង្ហាញអត្តសញ្ញាណ។ អ្នកនាងថា មហាជនភាគច្រើនមើលតែដើមវីដេអូ ដែលអ្នកនាងនិយាយថា បាត់លុយ30ម៉ឺនដុល្លារប៉ុណ្ណោះ តែនៅផ្នែកខាងចុងឃ្លីបដែលអ្នកនាងនិយាយថា នៅក្នុងទូរដែកនោះអត់មានលុយទេ និង ថាអត់បាត់អ្វីទេ ក្រោយពេលមកដល់ផ្ទះ គឺអត់មានអ្នកណាលើកមកនិយាយសោះ។ អ្នកនាងថា បើខ្លួនចង់បំពុលសង្គម ឬ ចង់ល្បី ដោយកុហកគេថាបាត់លុយដើម្បីចង់ល្បី តើនាងចាំបាច់ត្រូវឆ្លើយនៅផ្នែកខាងចុងឃ្លីបថា អត់មានបាត់អ្វី និង លក់ឡេកើតទេ នៅពេលបើកទូរដែកធំហើយមិនឃើញបាត់អីនោះ។ អ្នកនាងថា អ្នកចោទថានាងបំពុលសង្គម និង ថាអ្នកនាងកុហករឿងបាត់លុយ គឺអ្នកមិនមើលវីដេអូរបស់អ្នកនាងឱ្យចប់ ដោយមើលតែដើមវីដេអូ ហើយក៏ចែកចាយគ្នាដើម្បីរិះគន់តែម្ដង។ អ្នកនាងនៅតែអះអាងថា បើអ្នកនាងចង់បំពុលសង្គមតើអ្នកនាងនិយាយថាមិនបាត់អ្វីទេនៅខាងចុងឃ្លីបធ្វើអី ហើយបើអ្នកនាងចង់ល្បីព្រោះតែរឿងកុហកថាបាត់លុយមែន តើចាំបាច់អីដែលអ្នកនាងឆ្លើយប្រាប់សមត្ថកិច្ចថាខ្លួនអត់បានអ្វីទេក្រៅពីទូរដែកទទេមួយ និងបានប្រាប់អ្នកគាំទ្រតាំងពីដើមថា អត់បាត់អ្វីទេ។
យ៉ាងណាអ្នកនាងបញ្ជាក់ថា អ្នករិះគន់ទំនងជាមើលមិនចប់ឃ្លីប និងអាចមកពីពេលអ្នកនាងបកស្រាយថាអត់មានបាត់អ្វីនៅក្នុងឃ្លីប គឺនិយាយមិនលម្អិត។ អ្នកនាងបន្តថា ការលើកឡើងក្នុងវីដេអូដំបូងរបស់អ្នកនាង មានគោលបំណងតែម្យ៉ាងគត់គឺចង់ឱ្យចោរដែលលួចទូរដែកយកទៅហើយមិនមានលុយក្នុងនឹង ឱ្យចេញតវ៉ា ស្របពេលដែលអ្នកនាងដឹងថា កាមេរ៉ាសុវត្ថិភាព ក៏ថតមិនបាន ព្រោះតែអ្នកនាងបិទប៉ារ៉ែតភ្លើង។ តែអ្នកនាងក៏បានបកស្រាយនៅក្នុងវីដេអូឃ្លីបដែរ គឺមិនមែនប្រកាសថាបាត់ហើយមិនមានការបកស្រាយនោះទេ។ ក្នុងវីដេអូ Live ក្រោយៗ អ្នកនាង ក៏បកស្រាយថាមិនបាត់អ្វីផងដែរ គឺមិនមែនទាល់តែក្រុមសមត្ថកិច្ចមកធ្វើការសាកសួរទើបអ្នកនាងសារភាពថាអត់បាត់ដូចការយល់ច្រលំឡើយ។
ជាមួយនឹងការរិះគន់ថា អ្នកនាងជិះឡានថ្លៃមិនសមនឹងផ្ទះ អ្នកនាងបញ្ជាក់ថា អ្នកនាងមិនអត់លទ្ធភាពក្នុងការទៅរស់នៅវីឡាឱ្យសមនឹងតម្លៃឡាននោះទេ ប៉ុន្តែគឺមកពីអ្នកនាងមិនចង់ទៅរស់នៅឆ្ងាយពីកូនចៅ និងម្យ៉ាងមកពីក្នុងផ្ទះនោះគឺមានបន្ទប់ច្រើនសម្រាប់អោយកូនចៅស្នាក់នៅ ហើយបើទៅនៅកន្លែងថ្មី កូនចៅខ្លះទៅតាមមិនកើត ទើបអ្នកនាងនៅបន្តរស់នៅផ្ទះនោះ។ អ្នកនាងថា ផ្ទះនោះជាផ្ទះកក់ក្ដៅ និងធ្វើអោយអ្នកនាងមានបាន ហើយដោយសារតែរស់នៅទីនោះ មិនធ្លាប់មានផលរមាស់ដូចចោរគាស់ផ្ទះម្ដងនោះផង ទើបអ្នកនាងមិនទៅណា។ ក្រោយហេតុការណ៍នេះ អ្នកនាងក៏មិនទាន់ច្បាស់ថាគួររើកន្លែងទៅចោលកូនចៅមួយចំនួន ឬ បន្តរស់នៅផ្ទះនោះនោះដដែរ បើទោះជាអ្នកខ្លះរិះគន់ថាអ្នកនាងរស់នៅផ្ទះមិនសមតម្លៃឡាន។ អ្នកនាងថា ទោះអ្នកមានផ្ទះតូចជាងអ្នកនាង តែអ្នកទាំងនោះ ក៏អាចទិញឡានថ្លៃជិះបានដែរ ឱ្យតែគេស្រលាញ់ គឺមិនគួរយកមកធ្វើជាការរិះគន់ ដើម្បីជាន់ពន្លិចគ្នានោះឡើយ៕