បន្ទាប់ពីពិធីក្រុងពាលីថតខ្សែភាពយន្តខ្នាតធំរឿង «កម្ម» កាលពីដើមខែកក្កដា លោកស្រី នួន ស៊ុន្ទរី ហៅ «ស្រីអូន» ថៅកែ យីហោផលិតផលថែរក្សាសម្ភស្ស «សម្រស់ធម្មជាតិ» បានចូលរួមសម្តែងយ៉ាងស្វាហាប់ និងដុតដៃដុតជើង ជាមួយក្រុមការងារ។ ដំណើរការថតនៅក្រុងបាត់ដំបងនោះអាចដំណើរការយ៉ាងរលូនទៅបានដោយមានការសហការយ៉ាងសកម្មពីក្រុមការងារគ្រប់ផ្នែក នឹងការសម្រប់សម្រួលជាពិសេសពី ចាងហ្វាងផលិតកម្ម វ័យក្មេង ឈ្មោះ «សេង ចំណាន» ហៅ Henry។ ខាងក្រោមនេះជាជីវប្រវត្តិត្រួសៗរបស់គាត់ មុនប្រឡូកចូលវិស័យ ភាពយន្ត។
លោកសេង ចំណាន មានដើមកំណើតនៅភ្នំពេញ ក្នុងគ្រួសារមធ្យមមួយដែលមានឳពុកជាអតីតចាហ្វាងផលិតកម្មមួយក្នុងសម័យ១៩៨០ផ្លាយ។ លោកបានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក ផ្នែកវិទ្យាសាស្រ្តធុរកិច្ច (Business Science) ដោយចំណាយពេល៦ឆ្នាំ។ អំឡុងពេលដែលលោកសិក្សានៅសហរដ្ឋអាមេរិកនោះផងដែរ លោកបានរកឃើញផលិតផលពិសេសមួយឈ្មោះ ឃូស៊ី ហើយបានសហការជាមួយស្រីអូននិងស្វាមីរបស់នាងបង្កើតក្រុមហ៊ុនមួយឈ្មោះ “សម្រស់ធម្មជាតិ”ដោយទទួលបានជោគជ័យយ៉ាងខ្លាំងមកដល់សព្វថ្ងៃនេះ។ នៅចុងឆ្នាំ២០១៩ លោកបានត្រលប់មកប្រទេសកម្ពុជាជាមួយបេសកម្មមួយ គឺលោកនឹងយកអ្វីមួយដែលជារបស់ខ្មែរទៅកាន់ពិភពលោកអោយបាន។ ក្នុងឆ្នាំ២០២០ លោកបានបន្តសហការជាមួយស្រីអូននិងប្តីរបស់នាងបង្កើតផលិតកម្ម «រាម» ក្នុងគោលបំណងធំមួយគឹចង់យករឿងខ្មែរដែលមានគុណភាពខ្ពស់ទៅកាន់ពិភពលោកដើម្បីបញ្ជាក់អោយពិភពលោកដឹងថា ខ្មែរក៏អាចផលិតរឿងគុណភាពអន្តរជាតិបានដែរ ដែលរឿងទី១របស់ផលិតកម្ម រាម គឺឈ្មោះរឿង”កម្ម”។ គួបញ្ជាក់ផងដែរថា សព្វថ្ងៃនេះ សហគ្រិនវ័យក្មេងដែរមានអាយុមិនដល់៣០ឆ្នាំផងនោះ គឹជាសហស្ថាបនិកក្រុមហ៊ុន សម្រស់ធម្មជាតិ ជាសហស្ថាបនិក ផលិតកម្ម រាម និង ជាផលិតករ រឿងកម្មផងដែរ។
សម្រាប់ចំណាប់អារម្មណ៍លោកផ្ទាល់លើវិស័យភាពយន្ត និងរឿង«កម្ម» Henryបានលើកឡើងថា៖ «ខ្ញុំបានយល់ដឹង ច្រើនពីការផលិតភាពយន្ត១នេះ និងទទួលស្គាល់តម្លៃការងារនេះគឺទាមទារឱ្យមានការខិតខំប្រឹងប្រែងខ្លាំងពីគ្រប់ក្រុមការងារទាំងអស់និងការចុះសម្រុងគ្នាជាចាំបាច់»។ លោកក៏បន្ថែមទៀតថា៖ «ភាពយន្ត១ ល្អ មិនសុទ្ធតែពឹងទៅលើថវិកា១មុខទេ តែវាអាស្រ័យលើក្រុមការងាររួមដៃគ្នាបង្កើតលទ្ធផលគាប់ប្រសើរផងដែរ។ នៅ ផលិតកម្ម «រាម» ខ្ញុំគិតថា យើងពិតជាមានសំណាងណាស់ដែលបានធ្វើការជាមួយអ្នកអាជីព និងជំនាញការភាពយន្តឆ្នើមៗនៅក្នុងប្រទេសកម្ពុជា ខ្ញុំជឿជាក់ថាស្នាដៃពួកគាត់ នឹងនាំរឿង «កម្ម» និងកេរ្តិ៍ឈ្មោះកម្ពុជាយើង ទៅកាន់ពិភពលោកបាន។»
បើសាកសួរទៅកញ្ញា អ៊ុង នីតា ដែលជាអ្នកសម្របសម្រួលផ្នែកផលិត ក្នុងរឿង«កម្ម»នេះវិញ កញ្ញាបានសម្តែងអារម្មណ៍ ថា៖ «បង Henryថ្វីបើថ្មោងថ្មី ក្នុងវិស័យភាពយន្ត តែគាត់ចូលចិត្តជួយយកអសារក្រុមការងារ និងតែងតែរកដំណោះស្រាយ ចំពោះបញ្ហាដែលយើងមាន ពេលថត។ ពេលនរណាម្នាក់បាក់ទឹកចិត្ត គាត់ច្រើនលើកទឹកចិត្ត និងបង្កបរិយាកាសសប្បាយ រីករាយ បំភ្លេចទុក្ខ។ សំខាន់ រឿងហូបចុក គឺគាត់មិនឱ្យយើងខ្វះខាតទេ!»
សូមបញ្ជាក់ថាបន្ទាប់ពីថតនៅក្រុងបាត់ដំបងអស់រយៈ៣សប្តាហ៍ ខ្សែភាពយន្តរន្ធត់ខ្នាតធំនេះ នឹងបញ្ចប់ការថតរបស់ខ្លួន នៅរាជធានីភ្នំពេញ នៅដើមខែសីហាយើងនេះ។ ទោះបីមានការយឺតយ៉ាវក្នុងការថតខ្លះ ក្រុមហ៊ុន«ដេនស៊ីងរ៉េន» ដែល ចែកចាយរឿង «កម្ម» បញ្ជាក់ថានៅអាចចាក់បញ្ចាក់នៅដើមឆ្នាំ២០២១ ដូចគ្រោងទុក បន្ទាប់ពីដំណើរការកាត់ត និង បច្ចេកទេសCGIចប់សព្វគ្រប់។