ឈប់ផលិតកុំព្យូទ័រនៅប្រទេសចិន ក្រុមហ៊ុន Samsung កំពុងពិចារណាលើការរើរោងចក្រមកកាន់ប្រទេសវៀតណាម ដើម្បីកាត់បន្ថយការចំណាយ និងរក្សាកម្លាំងប្រកួតប្រជែងក្នុងផ្នែកនេះ។
សារព័ត៌មាន Nikkei បានចេញផ្សាយថា ក្រុមហ៊ុន Samsung នឹងបិទរោងចក្រផលិត PC ចុងក្រោយរបស់ខ្លួននៅប្រទេសចិនក្នុងខែសីហានេះ។ ផ្នែកមួយនៃមូលដ្ឋានរបស់ Samsung នៅប្រទេសចិននឹងត្រូវប្ដូរទៅជាមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍ។
Nikkei ក៏បានឱ្យដឹងដែរថា Samsung កំពុងតែពិចារណាទៅលើការរើរោងចក្រពីប្រទេសចិន ចូលមកពង្រីកបន្ថែមនៅលើរោងចក្រមួយកន្លែងដែលកំពុងដំណើរការនៅប្រទេសវៀតណា។ អ្នកនាំពាក្យរបស់ Samsung បានឱ្យដឹងថា ការផ្អាកដំណើរការនៃរោងចក្រនៅប្រទេសចិន គឺដើម្បីស្វែងរកទីតាំងដែលអាចកាត់បន្ថយការចំណាយ។
រោងចក្រ Samsung នៅទីក្រុង Suzhou នៃប្រទេសចិន គឺជាមជ្ឈមណ្ឌលដំឡើងកុំព្យូទ័រ PC។ បន្ទាប់ពីបានដំឡើង ផលិតផលរបស់រោងចក្រនេះ ភាគច្រើនត្រូវបាននាំទៅលក់ក្នុងប្រទេសកូរ៉េខាងត្បូង តំបន់អាមេរិកខាងជើង និងប្រទេសចិន។ រោងចក្រនេះ ពេលខ្លះមានបុគ្គលិកដល់ទៅ6,500នាក់ ប៉ុន្តែបច្ចុប្បន្ន ត្រូវបានកាត់បន្ថយមកនៅត្រឹម1,700នាក់ប៉ុណ្ណោះ។
ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Gartner បានឱ្យដឹងថា បរិមាណ PC ដែលបានបញ្ចេញលក់នៅក្នុងពិភពលោក បានកើន0.6% ពោលគឺឡើងដល់261.2លានគ្រឿងក្នុងឆ្នាំ2019។ Lenovo Group របស់ចិនកំពុងកាន់កាប់24.1% ក្នុងទីផ្សារពិភពលោក។ ឈរលំដាប់ទី2គឺ HP ដោយកាន់កាប់22.2%។ រីឯ Samsung វិញ កាន់កាប់ចំណែកទីផ្សារទាបជាង Dell, Apple, Acer និង Asus ទៅទៀត។
ប្រភព៖ Nikkei