លោក Zhang Yiming កំពុងទទួលរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីក្រុមមន្ត្រីអាមេរិកាំង ទាក់ទិននឹងការដែលក្រុមហ៊ុន ByteDance ត្រូវលក់ផ្នែកពាណិជ្ជកម្មរបស់ TikTok នៅសហរដ្ឋអាមេរិក។
នៅក្នុងលិខិតមួយច្បាប់ដែលបានផ្ញើទៅកាន់បុគ្គលិករបស់ខ្លួនកាលពីពេលថ្មីៗនេះ CEO របស់ ByteDance (ក្រុមហ៊ុនមេរបស់ TikTok) លោក Zhang Yiming បានឱ្យដឹងថា ពួកគេកំពុងតែសិក្សាស្រាវជ្រាវអស់ពីកម្លាំងកាយចិត្ត និង “ធ្វើការទាំងយប់ ទាំងថ្ងៃ” ដើម្បីដោះស្រាយបញ្ហាទំនាស់របស់ក្រុមហ៊ុននេះ ជាមួយនឹងក្រុមមន្ត្រីអាមេរិកាំង។ ក្រុមហ៊ុន ByteDance កំពុងរងសម្ពាធធ្ងន់ពីសេតវិមាន និងអ្នកតាក់តែងច្បាប់របស់ហសរដ្ឋអាមេរិក ដោយបង្ខំដោយប្រយោលឱ្យ ByteDance ដកទុនចេញពីសាខា TikTok នៅសហរដ្ឋអាមេរិក។
ក្រុមហ៊ុនចិនមួយនេះកំពុងតែចរចាលក់ផ្នែកពាណិជ្ជកម្មរបស់ TikTok នៅសហរដ្ឋអាមេរិក ទៅឱ្យក្រុមហ៊ុន Microsoft។ ការសម្រេចចុងក្រោយលើកិច្ចព្រមព្រៀងក្នុងការទិញដូរក្រុមហ៊ុន TikTok នេះ តាមគម្រោងអាចនឹងត្រូវបានធ្វើឡើងរួចរាល់ក្នុងរយៈពេល45ថ្ងៃ។
ByteDance កំពុងព្យាយាមកាត់បន្ថយការព្រួយបារម្ភរបស់អង្គភាពនានានៅសហរដ្ឋអាមេរិក ដែលយល់ថា TikTok អាចប្រមូលទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ និងធ្វើការឱ្យរដ្ឋាភិបាលចិន។ ក្រុមហ៊ុននេះ បានជ្រើសរើសបុគ្គលិកជិត1ពាន់នាក់នៅសហរដ្ឋអាមេរិក ព្រមទាំងបានតែងតាំងថ្នាក់ដឹកនាំជើងចាស់របស់ Walt Disney គឺលោក Keven Mayer ឱ្យធ្វើជា CEO របស់ TikTok ទៀតផង។
នៅពេល TikTok មានឈ្មោះល្បីល្បាញលើពិភពលោក ក្រុមមន្ត្រីសហរដ្ឋអាមេរិកក៏ចាប់ផ្ដើមស្នើឱ្យមានការស៊ើបអង្កេតផ្នែកសន្តិសុខជាតិទៅលើក្រុមហ៊ុននេះ។ កាលពីឆ្នាំទៅ (2019) គណៈកម្មការវិនិយោគបរទេសនៅសហរដ្ឋអាមេរិក (CFIUS) ដែលជាអង្គភាពមួយមានសិទ្ធិក្នុងការស៊ើបអង្កេតលើករណីទិញដូរក្រុមហ៊ុននៅសហរដ្ឋអាមេរិក បានបើកការវាយតម្លៃអំពីករណី ByteDance ទិញ Musical.ly។ នេះគឺជាជំនួញមួយដែលជួយឱ្យ TikTok បង្ហាញវត្តមានរបស់ខ្លួននៅសហរដ្ឋអាមេរិក។
“យើងធ្លាប់បានអះអាងជាច្រើនដងហើយថា យើងគឺជាក្រុមហ៊ុនឯកជន និងត្រៀមខ្លួនជានិច្ចដើម្បីអនុវត្តដំណោះស្រាយផ្នែកបច្ចេកទេស និងលើសពីនេះទៀតក៏បាន ដើម្បីកាត់បន្ថយការព្រួយបារម្ភរបស់ CFIUS។ ក៏ប៉ុន្តែ ពួកគេ (មន្ត្រីអាមេរិកាំង) នៅតែយល់ថា ByteDance ត្រូវតែលក់ TikTok នៅសហរដ្ឋអាមេរិក” លោក Zhang Yiming បានសរសេរដូច្នេះនៅក្នុងលិខិតដែលបានផ្ញើទៅកាន់បុគ្គលិក។ លោកបន្តថា លោកមិនយល់ស្របជាមួយនឹងការសម្រេចចិត្តនេះ ហើយបានអះអាងថា “តែងតែការពារសុវត្ថិភាពព័ត៌មានរបស់អ្នកប្រើប្រាស់ ភាពឯករាជ្យ និងតម្លាភាពរបស់បណ្ដាញសង្គមនេះ”។
លោក Zhang Yiming ក៏បានទទួលស្គាល់ថា ក្រុមហ៊ុន ByteDance កំពុងស្ថិតក្នុងដំណាក់កាលចរចាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាមួយ ប៉ុន្តែមិនបានលើកឡើងអំពីឈ្មោះ Microsoft នោះទេ។ លោក Zhang Yiming ឱ្យដឹងថា ក្រុមហ៊ុនកំពុងតែចូលរួមពិភាក្សាកិច្ចការផ្ទៃក្នុងនានា ហើយសេចក្ដីសម្រេចចុងក្រោយរបស់ ByteDance មិនទាន់ត្រូវបានដាក់ចេញនៅឡើយ។ លោក Zhang Yiming ថ្លែងថា “ចំណាប់អារម្មណ៍របស់ពិភពលោក និងដំណឹងចចាមអារ៉ាមជុំវិញរឿងរ៉ាវ TikTok នឹងអាចអូសបន្លាយពេលយូរតទៅមុខទៀត”៕
ប្រភព៖ Bloomberg