កម្ពុជា ជាប្រទេសដែលមានសក្តានុពលមួយក្នុងចំណោមប្រទេសក្នុងតំបន់ដែលនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងចំណោមដំណាំយុទ្ធសាស្ត្រសំខាន់ៗ ស្រូវជាផ្នែកយ៉ាងសំខាន់ដែលប្រទេសយើងបាននាំចេញ ដោយក្នុងមួយឆ្នាំៗយើងបាននាំចេញស្រូវជាច្រើនលានតោនទៅកាន់ទីផ្សារនានា។
ជាលទ្ធផលក្នុងឆ្នាំ 2020នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានបញ្ជាក់ថា លទ្ធផលនៃការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល 7ខែដើមឆ្នាំ2020 សម្រេចបាន 426,073 តោន កើនឡើងប្រមាណ 118,060 តោន ស្មើនឹង 38.30% ដែលធៀបទៅនឹងរយៈ7ខែដើមឆ្នាំ2019 មានចំនួន 308,013 តោន ។ ដោយឡែកសម្រាប់ខែកក្កដា ឆ្នាំ2020 នេះ សម្រេចការនាំចេញអង្ករបាន ចំនួន 28,413តោន កើនឡើងចំនួន 1,938តោន ស្មើនឹង 7.32% ធៀបទៅនឹងខែឧសភា ឆ្នាំ2019 ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន 18,523 តោន អង្ករចម្រុះគ្រប់ប្រភេទមានចំនួន 9,208 តោន អង្ករចំហ៊ុយមានចំនួន 682តោន និងអង្ករក្រហមមានចំនួន 28.41 តោន ។
ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល 7ខែនេះ មានចំនួន 57ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន24 ក្នុងចំណោម28ប្រទេស ប្រទេសចិន ប្រទេសសមាជិកអាស៊ានចំនួន6 ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន 26ប្រទេស ។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន5 ក្នុងចំណោម 70ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ ។
សូមបញ្ជាក់ថា ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល 7ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ2019 មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់ សហភាពអ៊ឺរ៉ុបកើនចំនួន 37.70%, ប្រទេសចិនកើនចំនួន 25.91%, បណ្តាប្រទេសសមាជិកអាស៊ានកើនចំនួន 44.03%, និងគោលដៅដ៏ទៃទៀតបានកើនឡើងចំនួន 72.4% ។ចំណែកឯការនាំចេញស្រូវនៅតាមច្រកតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសវៀតណាម ក្នុងរយៈពេល 7ខែដើមឆ្នាំ2020 មានចំនួនជាង 1,115លានតោន៕