លោក Zinedine Zidane គ្រូបង្វឹករបស់ក្រុម Real Madrid បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងចូលលេងក្នុងការប្រកួតដណ្តើមពាន UEFA Super Cup ជាមួយនឹងក្រុម Manchester United ក្រោយពីបានធ្វើដំណើររួមជាមួយនឹងក្រុមរបស់លោកទៅកាន់ទីក្រុង Skopje កាលពីថ្ងៃចន្ទ។
Ronaldo ត្រូវបានបញ្ចូលឈ្មោះទៅក្នុងក្រុមរបស់ម្ចាស់ជើងឯកក្របខ័ណ្ឌកំពូលអឺរ៉ុបមួយនេះបែបមិននឹកស្មានដល់សម្រាប់ការប្រកួតនៅរាត្រីនេះ ក្នុងរដ្ឋធានីរបស់ប្រទេសម៉ាសេដ្វាន ក្រោយពីទើបតែបានវិលទៅធ្វើការហ្វឹកហាត់វិញជាមួយនឹងក្លិបរបស់គេកាលពីចុងសប្តាហ៍មុននេះ។
រដូវក្តៅរបស់គេបានស្ថិតក្នុងរឿងអាស្រូវដោយសារតែការចោទប្រកាន់ទាក់ទងនឹងការបន្លំការបង់ពន្ធក្នុងប្រទេសអេស្ប៉ាញដែលនាំឲ្យរូបគេត្រូវធ្វើការបង្ហាញខ្លួនក្នុងតុលាការកាលពីសប្តាហ៍មុន និងបង្កើតឲ្យមានពាក្យចចាមអារ៉ាមផ្សេងៗ ជុំវិញអនាគតរបស់គេ។ បើយោងតាមរបាយការណ៍មួយពីស្ថានីយវិទ្យុរបស់អេស្ប៉ាញ Cadena Ser កីឡាករ Ronaldo បានប្រាប់តុលាការថា រូបគេចង់វិលទៅកាន់ប្រទេសអង់គ្លេសវិញ ដោយសារតែបញ្ហានៃការបង់ពន្ធក្នុងប្រទេសអេស្ប៉ាញ។
កីឡាករឆ្នើមប្រចាំឆ្នាំរបស់ពិភពលោករូបនេះ ត្រូវបានអនុញ្ញាតឲ្យបន្តសម្រាកវិស្សមកាលនៅរដូវក្តៅនេះ ក្រោយពីលេងឲ្យក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ក្នុងយុទ្ធនាការ Confederations Cup ក្នុងប្រទេសរុស្ស៊ីរួចមក។ ប៉ុន្តែ បើទោះបីជាបែបនោះក៏ដោយ ក៏លោក Zidane បានឲ្យដឹងថា៖ «មានរឿងជាច្រើនដែលកំពុងតែកើតឡើង និងមានសំឡេងរំខានជាច្រើនកើតឡើងជុំវិញរូបគេ ប៉ុន្តែរូបគេមិនមានបញ្ហាអ្វីឡើយ»។
ការបង្ហាញខ្លួនជាលើកចុងក្រោយរបស់ Ronaldo សម្រាប់ក្លិបនេះ បានកើតឡើងកាលពីដើមខែមិថុនានៅពេលដែលរូបគេបានស៊ុតបាល់បញ្ចូលទី2គ្រាប់ធ្វើឱ្យក្រុមរបស់ខ្លួនទទួលជ័យជម្នះ 4-1 លើក្រុម Juventus ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ កាលពីដើមខែមិថុនា ខណៈដែល Real Madrid បានការពារពានរបស់ខ្លួនយ៉ាងជោគជ័យ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង1:45ទៀបភ្លឺ៕
ប្រភពពី៖ The Daily Star