អ្នកស្រាវជ្រាវបានរកឃើញវិធីសាស្ត្របោក (phishing) ប្រាស់បែបថ្មី 1ទៀត ដែលមានលទ្ធភាព អាចបោកបញ្ឆោត (trick) អ្នកប្រើប្រាស់ដែលមានបទពិសោធយូរឆ្នាំ ឱ្យចាញ់បញ្ឆោតបានយ៉ាងងាយ និងអាចផ្ដល់លទ្ធភាពឱ្យពួកហេគឃ័រ ចូលទៅកាន់គណនី Facebook របស់អ្នកបានទៀតផង។
បច្ចេកទេសថ្មីនេះ គឺការប្រើប្រាស់មុខងារ “Trusted Contact” លើ Facebook ដែលជាមុខងារថ្មីមួយ សម្រាប់ធ្វើការស្រោចស្រង់គណនី Facebook ដោយការផ្ញើ Secret access code ទៅកាន់មិត្តភក្តិរបស់អ្នក ដើម្បីឱ្យអ្នកទាំងអស់នោះ ជួយអ្នកទទួលយកគណនីហ្វេសប៊ុកមកវិញ ប្រសិនបើអ្នកភ្លេចពាក្យសម្ងាត់ ឬមិនអាចភ្ជាប់ចូលទៅកាន់គណនីរបស់អ្នកបាន។ ខាងក្រោមនេះ គឺជារបៀបនៃការលួចយកលេខសម្ងាត់ របស់ Hacker ។
- នៅសុខៗ ស្រាប់តែអ្នកបានទទួលសារពីនរណាម្នាក់តាមរយៈ Facebook Messenger ដែលផ្ញើដោយគណនីមិត្តភក្តិរបស់អ្នក។
- ហេគឃ័រ នឹងស្នើសុំឱ្យអ្នកជួយស្រោចស្រង់គណនីរបស់គេមកវិញ ដោយធ្វើការពន្យល់អ្នកថា អ្នកគឺត្រូវបានដាក់ Trusted Contacts នៅក្នុងហ្វេសប៊ុក ហើយប្រាប់អ្នកទៀតថា អ្នកនឹងទទួលបានលេខកូដ សម្រាប់ជួយស្រោចស្រង់គណនីហ្វេសប៊ុករបស់គេ។
- បន្ទាប់មក ហេគឃ័រនឹងធ្វើការចុចទៅលើពាក្យ “I forgot my password” នៅលើគណនីរបស់អ្នកផ្ទាល់តែម្ដងដែលធ្វើឱ្យអ្នកទទួលបានលេខកូដ។
- ដោយដឹងថា មិត្តភ័ក្តិជួបបញ្ហាហើយនោះ ជាទូទៅអ្នកនឹងផ្តល់លេខកូដនោះ ដោយមិនបានគិតគូរបានលិ្អតល្អន់ឡើយ។
- ដោយប្រើប្រាស់លេខកូដនោះ ហេគឃ័រនឹងធ្វើការលួចយកគណនីរបស់អ្នក និងប្រើប្រាស់វិធីដដែលនេះ ធ្វើបន្តទៅលើមិត្តភក្តិដទៃផ្សេងទៀត ដើម្បីលួចយកលេខសម្ងាត់។
*វិធីសាស្ត្រការពារខ្លួនពីការលួចយកលេខសម្ងាត់ Facebook៖ ដើម្បីការពារខ្លួនអ្នក ខាងក្រោមនេះ គឺជាចំណុចដែលអ្នកគួរប្រកាន់យក៖
- សូមកុំចាប់អារម្មណ៍សារដែលមានលក្ខណៈបន្ទាន់ ឬប្រញាប់បែប Phishing messages ជាទូទៅ គឺមើលទៅហាក់ដូចជា មកពីមិត្តភក្តិដែលយើងទុកចិត្ត ប៉ុន្តែបើសិនជាសារមានលក្ខណៈប្លែក សូមសួរខ្លួនឯងជាមុនសិនថា តើអ្នកមានដឹងថា ខ្លួនអ្នក ត្រូវបានបញ្ចូលទៅក្នុងបញ្ជី “Trusted Contacts” នៃមិត្តភក្ដិរបស់អ្នកពីមុនមកដែរទេ?
- សូមធ្វើការផ្ទៀងផ្ទាត់បញ្ជាក់ពីមិត្តភក្តិរបស់អ្នក ដោយទូរស័ព្ទទៅសាកសួរ ឬជួបមុខដោយផ្ទាល់ពីបញ្ហានេះ។
- សូមធ្វើការសន្សឹមៗ ដោយប្រុងប្រយ័ត្ន ព្រោះការវាយប្រហារមានលក្ខណៈស្មុគស្មាញណាស់។ ជាទូទៅ សូមធ្វើការតាំងចិត្តឱ្យស្ងប់ នៅពេលដែលអ្នកបានទទួលសារ ដែលមើលទៅ វាធ្វើឱ្យអ្នកមានការភ្ញាក់ផ្អើល ខឹងឬភ័យជាដើម។ បញ្ហានេះវានឹងធ្វើឱ្យអ្នកគិតថា អ្នកត្រូវតែប្រញាប់ ដែលវាអាចជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់អ្នក។ សូមកុំភ័យ ហើយគិតឱ្យបានច្បាស់ថា តើមានរឿងអ្វីកើតឡើងឱ្យបានពិតប្រាកដ មុនពេលដែលអ្នកធ្វើសកម្មភាពណាមួយ។
- សូមសិក្សាអំពីដំណើរការនៃមុខងារ “Trusted Contacts” ដែលបង្ហាញនៅខាងក្រោមនេះ៖
មុខងារ Trusted Contacts គឺជាមុខងារមួយដែលប្រើប្រាស់សម្រាប់ធ្វើការស្រោចស្រង់គណនីហ្វេសប៊ុកណាមួយមកវិញ ដោយមានជំនួយពីមិត្តភក្តិរបស់អ្នក។ ដើម្បីដំណើរការនូវមុខងារមួយនេះ អ្នកត្រូវតែជ្រើសរើសយកមិត្តភក្តិនៅក្នុងហ្វេសប៊ុកពី 3នាក់ទៅ 5នាក់ពីក្នុងបញ្ជីមិត្តភក្តិទាំងអស់។ បើសិនជាអ្នកមិនអាចចូលទៅកាន់គណនីហ្វេសប៊ុករបស់អ្នកបាន ដោយប្រការណាមួយនោះ មិត្តភក្តិទាំងអស់នេះអាចធ្វើការបង្កើតនូវលេខកូដសម្ងាត់ចេញពីគណនីហ្វេសប៊ុករបស់ពួកគេ ហើយបញ្ជូនបន្តទៅឱ្យអ្នក ដើម្បីជួយស្រង់យកលេខសម្ងាត់នោះមកវិញ៕