ចិន ជាដៃគូយ៉ាងសំខាន់មួយផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មសម្រាប់ប្រទេសកម្ពុជា ដោយពេលថ្មីៗនេះប្រទេសទាំងពីរកំពុងខិតខំប្រឹងប្រែងរៀបចំឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាដើម្បីបង្កើនទំហំពាណិជ្ជកម្មឱ្យកាន់តែទូលាយ។
បន្ថែមពីលើនេះ នៅចុងខែកក្កដានេះ កម្ពុជា-ចិន ក៏បានប្តេជ្ញារួមគ្នាបង្កើនកិច្ចសហការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វាភាគីឱ្យបាន 1ម៉ឺនលានដុល្លារនៅឆ្នាំ 2021 ដោយព្យាយាមពន្លឿនសកម្មភាពមួយចំនួនដូចជាការចរចារពិធីសារ អានាម័យ និងភូតគាមអនាម័យលើផលិតផលកសិកម្មមួយចំនួនរបស់កម្ពុជាដើម្បីនាំចូលក្នុងទីផ្សារចិន។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានលើកឡើងថា កម្ពុជា និងចិនបានក្លាយជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៅឆ្នាំ 2013 និងឈានដលការបង្កើតសហគមន៍វាសនារួមនៅឆ្នាំ 2019។ ទំនាក់ទំនងនេះបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ភាគីទាំងសងខាង។ ជាក់ស្តែងយើងបានឃើញហើយថា នៅឆ្នាំ 2018 ប្រទេសទាំង2សម្រេចបាននូវទំហំពាណិជ្ជកម្មជាង 6ពាន់លានដុល្លារ។ ហេតុនេះហើយទើបមកដល់ពេលនេះប្រទេសទាំងពីរខិតខំប្រឹងប្រែងក្នុងការពង្រឹងទំហំពាណិជ្ជកម្មឱ្យដល់ 10ប៊ីលានដុល្លារនាពេលខាងមុខ។
ឯកឧត្តមបានបញ្ជាក់ថា នៅដំណាក់កាលនេះភាគីកម្ពុជាបានស្នើសុំភាគីចិនជួយពន្លឿនការ ចរចាពិធីសារអនាម័យ និងភូតគាមអនាម័យ លើផលិតផលកសិកម្មមួយចំនួនទៀត ដើម្បីឈានទៅចុះហត្ថលេខាសម្រាប់នាំចេញដូចជា ផ្លែមៀន ស្រកានាគ ម្នាស់ ទុរេន ម្រេច គ្រាប់ស្វាយចន្ទី ស្កសរ ដូង និងសំបុកទឹកមាត់ត្រចៀកកាំជាដើម។ កន្លងទៅ កម្ពុជា និងចិន បានចុះពិធីសារអនាម័យ និងភូតគាមអនាម័យជាបន្តបន្ទាប់ ក្នុងការនាំចេញកសិផល ពីកម្ពុជាទៅកាន់ប្រទេសចិន រួមមាន អង្ករ ដំឡូងមី ពោត ចេក និងផ្លែស្វាយរួចមកហើយ៕