ក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកវិភាគទីផ្សារ Canalys បានឱ្យដឹងថា ក្រុមហ៊ុន Huawei លក់ស្មាតហ្វូនបានចំនួន55.8លានគ្រឿងនៅក្នុងត្រីមាសទី2នេះ ហើយនេះជាតួលេខមួយដែលខ្ពស់ជាងក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូងទៅទៀត។
ក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ចិន បានយកឈ្នះលើ Samsung និងបានក្លាយជាក្រុមហ៊ុនផលិតទូរស័ព្ទឆ្លាតវៃធំជាងគេលំដាប់ទី1ក្នុងពិភពលោក នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនវិភាគទីផ្សារ Canalys ដោយយោងទៅតាមបរិមាណនៃស្មាតហ្វូនដែលបានលក់ចេញរបស់ក្រុមហ៊ុនទាំងពីរ។
Canalys បានចេញរបាយការណ៍ថ្មីបំផុតមួយបានឱ្យដឹងថា ក្នុងត្រីមាសទី2នេះ ក្រុមហ៊ុន Huawei លក់ស្មាតហ្វូនបាន55.8លានគ្រឿង ថយចុះ5% បើធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ2019។ ចំណែក Samsung វិញ តួលេខនេះមានចំនួន53.7លានគ្រឿង ថយចុះ30%។
នេះគឺជាលើកដំបូងហើយដែល Huawei ដណ្ដើមបានចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុងពិភពលោក នៅក្នុង1ត្រីមាស។ Huawei បានតាមរកគោលដៅនេះជាច្រើនឆ្នាំមកហើយ៕
ប្រភព៖ សារព័ត៌មានបរទេស