ក្រុមបច្ចេកវិទ្យា Amazon, Apple និង Facebook បានចេញរបាយការណ៍សម្រាប់ត្រីមាសទី2 ជាមួយនឹងលទ្ធផលគួរជាទីគាប់ចិត្ត ដោយសារតែតម្រូវការប្រើប្រាស់សេវាកម្មបានកើនឡើងខ្ពស់នៅក្នុងសម័យCOVID-19។
ក្រុមហ៊ុន Amazon កាលពីម្សិលមិញ (30កក្កដា) បានប្រកាសថា រកបានចំណូល88.9ពាន់លានដុល្លារអាមេរិក កើត40% បើធៀបជាមួយនឹងដំណាក់កាលដូចគ្នាកាលពីឆ្នាំទៅ និងខ្ពស់ជាងឆ្ងាយ បើធៀបជាមួយនឹងការព្យាករ (81.6ពាន់លានដុល្លារ) របស់ក្រុមអ្នកវិភាគ។ ប្រាក់ចំណេញក៏បានកើនឡើងទ្វេដង (5.2ពាន់លានដុល្លារ) បើទោះជាក្រុមហ៊ុននេះបានចំណាយជាង4ពាន់លានដុល្លារដើម្បីប្រឆាំងCOVID-19 កាលពីត្រីមាសកន្លងទៅ។ មូលបត្រ Amazon បានកើន4% ក្នុងការជួញដូរក្រៅម៉ោង បន្ទាប់ពីរបាយការណ៍ខាងលើត្រូវបានប្រកាស។
ក្រុមហ៊ុន Apple ក៏មានឈ្មោះនៅក្នុងបញ្ជីស្ដីអំពីក្រុមហ៊ុនដែលរកចំណូលបានច្រើនជាងគេក្នុងវិបត្តិសុខភាពនេះដែរ។ អតិថិជនចាស់ និងថ្មីជាច្រើន បានងាកមកប្រើប្រាស់សេវាកម្មអនឡាញរបស់ក្រុមហ៊ុននេះក្នុងគ្រាដែលពួកគេត្រូវបានបង្ខាំងខ្លួន ឬរឹតត្បិតលើការដើរហារ ដែលប្រការនេះបានជួយឱ្យ Apple រកបានចំណូលឡើងដល់59.7ពាន់លានដុល្លារអាមេរិកនៅក្នុងត្រីមាសទី2នេះ។ តួលេខនេះបានកើន11%បើធៀបនឹងដំណាក់កាលដូចគ្នាកាលពីឆ្នាំទៅ។ ប្រាក់ចំណេញសុទ្ធរបស់ Apple ក៏បានកើនដល់11.2ពាន់លានដុល្លារ។
ទីផ្សារពិភពលោកបានរួមចំណែកដល់ទៅ60% នៅក្នុងចំណូលសរុបរបស់ក្រុមហ៊ុននេះកាលពីត្រីមាសមុន។ សេវាកម្ម App Store, Apple Music, Video និង iCloud សុទ្ធតែរកបានចំណូលខ្ពស់ជាងពេលណាៗទាំងអស់។
ចំណែកក្រុមហ៊ុន Facebook វិញ ក៏ទទួលបានអ្នកប្រើប្រាស់ច្រើនផងដែរ។ រហូតដល់ដំណាច់ត្រីមាសទី2នេះ តួលេខអ្នកប្រើប្រាស់សកម្មប្រចាំខែរបស់ Facebook បានឡើងដល់2.7ពាន់លាននាក់ កើន12% បើធៀបនឹងដំណាក់កាលដូចគ្នាកាលពីឆ្នាំ2019។ បើសិនជាបូករួមទាំង Instagram និង WhatsApp ក្រុមហ៊ុននេះមានអ្នកប្រើប្រាស់សកម្មប្រចាំខែឡើងដល់3ពាន់លាននាក់ឯណោះ។
ប្រាក់ចំណូលរបស់ Facebook ក៏បានកើន11% ហើយបើគិតជាប្រាក់គឺស្មើនឹង18.7ពាន់លានដុល្លារ កាលពីត្រីមាសមុន។
របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទាំង3ខាងលើនេះ ត្រូវបានប្រកាសក្នុងថ្ងៃតែមួយជាមួយនឹង GDP សហរដ្ឋអាមេរិក។ GDP សហរដ្ឋអាមេរិក បានថយចុះ32.9% ដោយសារតែ COVID-19៕
ប្រភព៖ សារព័ត៌មានបរទេស