ការប្រកួតលីកកំពូលអ៊ីតាលី កាលពីយប់ថ្ងៃទី29 កក្កដា ឆ្នាំ2020 នេះក្នុងសប្តាហ៍ទី37 ខណៈដែលការប្រកួតនៅសល់តែ 1ប្រកួតទៀតប៉ុណ្ណោះ ដោយក្នុងនោះក្រុមដែលដឹងខ្លួនថា ជាជើងឯកហើយគឺ Juventus បែរជាភ្លាត់ស្នៀតចាញ់ក្រុម Cagliari ដល់ទៅ 2ទល់នឹង0។
ក្រុម Juventus ដែលលេងកាលយប់មិញ គឺដើម្បីបង្គ្រប់កិច្ចតែប៉ុណ្ណោះ ខណៈដែលពួកគេបានក្លាយជាជើងឯករួចទៅហើយតាំងពីសប្ដាហ៍មុនមកម្ល៉េះ។ យ៉ាងណាមិញ នៅមានភារកិច្ចមួយទៀតសម្រាប់ Cristiano Ronaldo នៅក្នុងក្របខ័ណ្ឌលីកមួយនេះ ពោលគឺ កាប្រជែងយកស្បែកជើងមាស។ តែការបរាជ័យ កាលយប់មិញ និងការដែលមិនអាចរកគ្រាប់បាល់បាននោះ វាធ្វើឱ្យឱកាសនៃការប្រជែង នៅសល់តិចតួចបំផុត។
គួរបញ្ជាក់ដែរថា ក្រុម Cagliari អាចចាត់ទុកថា ជាក្រុមអន់មួយនៅលីកអ៊ីតាលី ដោយ 8ប្រកួតចុងក្រោយ មិនដែលស្គាល់រសជាតិឈ្នះម្តងណាឡើយ ហើយឈរនៅលេខរៀងទី 14ឯណោះ តែសប្តាហ៍នេះ បែជាអាចឈ្នះក្រុមជើងឯក Juventus ទៅវិញ៕