កាលពីដើមខែកក្កដា ឆ្នាំ2020 សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) បានបើកការប្រជុំមួយនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ដែលជាទីក្រុងម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំក្រោយនេះ(2021) ដើម្បីពិភាក្សាអំពីបេក្ខភាពម្ចាស់ផ្ទះស៊ីហ្គេមជាបន្តបន្ទាប់ចំនួន 5លើកខាងមុខ។
ក្នុងនោះដែរ បន្ទាប់ពីឆ្នាំ2021 ដែលវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះហើយនោះ កម្ពុជាបានបង្ហាញពីភាពរួចរាល់សម្រាប់ការធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ2023 ហើយប្រទេសចំនួន 3ទៀត បានប្រកាសយល់ព្រមធ្វើជាម្ចាស់ផ្ទះបន្តបន្ទាប់គ្នា បន្ទាប់ពីឆ្នាំ2023 ទៅ ដែលរួមមានខេត្តឈុនប៊ុរី (ថៃ) នឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ2025 ទីក្រុងវៀងច័ន្ទប្រទេសឡាវនៅឆ្នាំ2027 និងទីក្រុងបង់ដាស៊ិរិបេកាវ៉ាន់ ប្រទេសប្រ៊ុយណេ នៅឆ្នាំ2029។
គួររំឭកដែរថា កីឡាស៊ីហ្គេម ឬកីឡានៃភូមិភាគអាស៊ីអាគ្នេយ៍នេះ បានប្រារព្ធធ្វើឡើងចំនួន 30លើករួចមកហើយ ដោយគ្រប់ប្រទេសនៃតំបន់អាស៊ានទាំងអស់ សុទ្ទតែធ្លាប់ធ្វើជាម្ចាស់ផ្ទះ លើកលែងតែប្រទេសទីម័រខាងកើត និងកម្ពុជាប៉ុណ្ណោះ តែនៅឆ្នាំ2023 ខាងមុខ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះជាលើកទី1 បន្ទាប់ពីអាក់ខានធ្វើជាម្ចាស់ផ្ទះតាំងពីឆ្នាំ1963 មក៕