ក្រុមហ៊ុន Airbus បានបញ្ចប់ដោយជោគជ័យនូវគម្រោងការ Autonomous Taxi, Take-Off and Landing (ATTOL) ដែលទាក់ទងនឹងយន្តហោះបើកបរស្វ័យប្រវត្តិ តាមរយៈការហោះហើរសាកល្បងកាលពី 2ឆ្នាំកន្លងទៅ។
ក្នុងគម្រោងការដែលជោគជ័យនេះ Airbus អាចសម្រេចលើការបើកបរ, ការហោះឡើង និងការចុះចតយន្តហោះខ្នាតធំដោយស្វ័យប្រវត្តិពិតប្រាកដ បានដោយជោគជ័យ ដោយបានប្រើប្រាស់បច្ចេកវិទ្យាចំណាំរូបភាពបំពាក់លើយន្តហោះផ្ទាល់តែម្ដង។
Airbus បានធ្វើតេស្តហោះហើរជាង 500លើក ដែលការហោះហើរ 450លើក គឺដើម្បីប្រមូលយកទិន្នន័យជាវីដេអូ ដើម្បីឱ្យប្រព័ន្ធការងារ ដំណើរការដោយរលូន។ ក្នុងនោះដែរការហោះហើរចំនួន 6លើក ដែលក្នុង 1លើកៗ មានការហោះឡើង និងចុះចត 5ដង គឺធ្វើឡើងដើម្បីសាកល្បងសមត្ថភាពការបើកបរស្វ័យប្រវត្តិរបស់យន្តហោះ។
គម្រោងការ ATTOL ដែលបង្កើតឡើងដោយ Airbus នេះ គឺក្នុងគោលបំណងស្វែងយល់អំពីផលប្រយោជន៍នៃបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិសម្រាប់យន្តហោះ និងដើម្បីជួយឱ្យពីឡុត ផ្ដោតលើការធ្វើការសម្រេចចិត្តក្នុងស្ថានភាពបន្ទាន់ណាមួយ និងបេសកកម្មដទៃទៀត ជាជាងផ្ដោតតែលើការបញ្ជាយន្តហោះ៕