បញ្ហាយានយន្ត ជាកត្តាយ៉ាងសំខាន់មួយដែលប៉ះពាល់ដល់គុណភាពរបស់ផ្លូវថ្នល់ដែលធ្វើឱ្យយើងខាតបង់ជាច្រើនលានដុល្លារជារៀងរាល់ឆ្នាំ។
ដើម្បីដោះស្រាយបញ្ហានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថាក្រសួងកំពុងរៀបចំឱ្យដាក់ដំណើរការសាកល្បងនូវប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូន ដើម្បីកំណត់ និងផាកពិន័យចំពោះរថយន្តដឹកលើសទម្ងន់ តាមរយៈការប្រើប្រាស់ជញ្ជីញថ្លឹងស្វ័យប្រវត្តិ (weight in motion sensor)។ ជញ្ជីងនេះ ជាជញ្ជីងដែលមានលក្ខណៈសុក្រិត្យ និងមិនអាចកែប្រែទិន្នន័យបាននោះទេ។ វាអាចធានាបាននូវភាពច្បាស់លាស់សម្រាប់ការផាកពិន័យ និងការអនុវត្តច្បាប់។
បន្ថែមពីលើនេះ ក្រសួងក៏គ្រោងនឹងប្រើកាម៉េរ៉ា AI ដើម្បីថតល្បឿនរថយន្តដែលបើកបរលើសល្មើនកំណត់ផងដែរ។ កាមេរ៉ានេះ អាចនឹងដាក់នៅលើផ្លូវជាតិលេខ3 ដែលវាអាចថតយករូបភាពរថយន្តដែលបើកលើសល្បឿនសម្រាប់មន្ត្រីចរាចរណ៍ ហើយមន្ត្រីអាចនឹងផ្ញើរវិក័យបត្រទៅដល់ផ្ទះតែម្តង។
គួរបញ្ជាក់ផងដែរថា កន្លងមកឯកឧត្តមរដ្ឋមន្ត្រីធ្លាប់បានបញ្ជាក់ថា ប្រទេសកម្ពុជាបានបញ្ឈប់ហើយនូវវប្បធម៌ធ្វើផ្លូវជាប់រហូត និងគ្មានគុណភាព តែអ្វីដែលធ្វើឱ្យផ្លូវនៅតែខូចគឺកត្តារថយន្តដឹកលើសទម្ងន់។ ហេតុនេះដើម្បីដោះស្រាយបញ្ហានេះ ក្រសួងចាំបាច់ត្រូវរឹតបន្តឹងលើការថ្លឹងរថយន្តធនធំគ្រប់ប្រភេទ៕