ថ្មីៗនេះធនាគារជាតិនៃកម្ពុជា បានចេញវិធានការក្នុងការទប់ស្កាត់ប្រាក់ដុល្លារតូចៗលើទីផ្សារ ដោយក្នុងនោះក៏មានផ្សារទំនើបមួយចំនួនក៏ចាប់ផ្តើមនុវត្តតាមដោយអាប់មកវិញជាលុយខ្មែរចំពោះចំនួនទឹកប្រាក់ 10ដុល្លារអាមេរិកចុះក្រោម។
បណ្ឌិត ចាន់ សុផល អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា ការកាត់រឹងបន្តឹងលើការចាយប្រាក់ដុល្លារតូចៗនឹងនាំឱ្យកម្ពុជាចំណេញបានពីការបោះពុម្ពក្រដាសប្រាក់ថ្មី យកមកជំនួសពួកវា។ ជាទៅទូប្រទេសណាបោះពុម្ពរូបិយប័ណ្ណបានប្រទេសនោះចំណេញច្រើន។ ឧទាហរណ៍ប្រទេសអាមេរិកចំណាយតែ 2សេនប៉ុណ្ណោះសម្រាប់ការបោះពុម្ពក្រដាសប្រាក់100ដុល្លារ។
លោកបណ្ឌិត ចាន់ សុផល បានបញ្ជាក់ថា៖ «បើតាមខ្ញុំយល់ គេអាចឱ្យអ្នកមានក្រដាសប្រាក់ទាំងនេះដូរតាមកន្លែងប្តូរប្រាក់យកប្រាក់រៀល ហើយឱ្យចំណេញ10% ថែមទៀតដើម្បីប្រមូលឆាប់អស់ពីទីផ្សារ»។
លោកបានបង្ហាញផងដែរថា ការបោះពុម្ពក្រដាសប្រាក់រៀលជំនួសពួកវា (ក្រដាសប្រាក់ដុល្លាររាយ) ទំនងជាចំណេញច្រើនជាង 10% ឆ្ងាយណាស់។ គេអាចអនុវត្តកម្មវិធីនេះរយៈពេលពីរ ឬបីខែ ដោយមិនអនុញ្ញាតឱ្យមានការនាំចូលក្រដាសប្រាក់តម្លៃទាបៗនេះតទៅទៀតពីបរទេស។ បន្ទាប់ពីនេះ គេអាចដូរបានតាមកន្លែងប្តូរប្រាក់ និងតាមធនាគារជាតិជាចុងក្រោយ ដោយកាត់តម្លៃ 10% ទៅវិញ៕