វិស័យកាត់ដេរ ស្បែកជើង និងកាបូបនៅកម្ពុជា ជាផ្នែកយ៉ាងសំខាន់មួយដែលអាចផ្តល់ការងារធ្វើសម្រាប់ប្រជាជនជាច្រើននាក់នៅទូទាំងប្រទេស និងផ្តល់ផលចំណេញជាច្រើនសម្រាប់វិស័យសេដ្ឋកិច្ចកម្ពុជា។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប បានដើរតួយ៉ាងសំខាន់ រួមចំណែកយ៉ាងធំដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈ ការបង្កើតការងារ បង្តើនចំណូលដល់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ។ ថ្វីត្បិតវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់ ដោយផ្អែកលើភាពខ្លាំងដែលជាឧត្តមភាពប្រកួតប្រជែងកន្លងមក វិស័យ នេះ នៅជួបនឹងបញ្ហាប្រឈមមួយចំនួន ។
ដើម្បីដោះស្រាយបញ្ហាប្រឈម និងអភិវឌ្ឍវិស័យដ៏សំខាន់នេះ រដ្ឋាភិបាលបានរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា 2020-2025 ដោយក្នុងនោះមានយុទ្ធសាស្ត្រសំខាន់ៗចំនួន5ចំណុចគឺ៖
- បន្តពង្រឹងធនធានមនុស្សដើម្បីបង្កើនផលិតភាព និងបង្កើតគន្លងអាជីពសម្រាប់កម្មករ-និយោជិត
2. បន្តធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងសុខុមាលភាពរបស់កម្មករ-និយោជិត
3. លើកកម្ពស់ការវិនិយោគក្នុងស្រុក និងអន្តរជាតិដោយផ្តោតលើផលិតផលមានបន្ថែមតម្លៃខ្ពស់
4. ទាក់ទាញការវិនិយោគនៅក្នុងឧស្សាហកម្មគាំទ្រវិស័យនេះ
5. ជំរុញការធ្វើពិពិធកម្មទីផ្សារសម្រាប់ការនាំចេញផលិតផលកាត់ដេរ ស្បែកជើង និងកាបូប៕