បច្ចុប្បន្ន មហាសេដ្ឋី Lucio Tan គឺជាស្ថាបនិកនិងជាប្រធានក្រុមហ៊ុន LT Group ដែលមានរោងចក្របារី ស្រា ធនាគារ និងអចលនទ្រព្យដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក។
Lucio Tan ដែលជា CEO របស់ក្រុមហ៊ុន Philippines Airline និងជាស្ថាបនិករបស់ក្រុមហ៊ុន LT គឺជាមហាសេដ្ឋីដែលមានប្រភពពីគ្រួសារក្រីក្រម្នាក់ ដែលត្រូវបានគេស្គាល់ច្រើននៅតំបន់អាស៊ីអាគ្នេយ៍។
ដើម្បីទទួលបានជោគជ័យដូចសព្វថ្ងៃ មហាសេដ្ឋីហ្វីលីពីនដើមកំណើតចិនរូបនេះ បានឆ្លងកាត់ឧបសគ្គរាប់មិនអស់ ដែលក្នុងនោះ គេមិនអាចមិនរៀបរាប់អំពីដំណាក់កាលដែលលោកធ្វើជាអ្នកបោសសម្អាតដើម្បីរកប្រាក់មកផ្គត់ផ្គង់ការសិក្សារបស់ខ្លួននោះឡើយ។
មិនដូចទៅនឹងកំពូលមហាសេដ្ឋីទាំង10រូបនៅហ្វីលីពីនដែលមានឈ្មោះនៅក្នុងបញ្ជីមហាសេដ្ឋីពិភពលោកឆ្នាំ2020របស់ Forbes នោះទេ លោក Lucio Tan បានចាប់កំណើតនៅក្នុងគ្រួសារដែលមានជីវភាពខ្វះខាតមួយនៅតំបន់ Fujian ប្រទេសចិន។ អំឡុងពេលដែលលោកមានអាយុ4ឆ្នាំ គ្រួសាររបស់លោកបានទៅរស់នៅក្នុងទីក្រុង Cebu ប្រទេសហ្វីលីពីន។
បច្ចុប្បន្ន លោក Lucio Tan គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន LT ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនរកស៊ីខាងផលិតបារី ស្រា ធនាគារ និងអចលនទ្រព្យដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក។
ខាងក្រោមនេះគឺជាព័ត៌មានមួយចំនួនដែលលោកអ្នកប្រហែលជាមិនទាន់បានដឹងអំពីមហាសេដ្ឋី Lucio Tan អាយុ86ឆ្នាំ និងមានទ្រព្យ2.2ពាន់លានដុល្លារ៖
ធ្លាប់ធ្វើជាអ្នកបោសសម្អាតដើម្បីយកប្រាក់ទៅរៀន
ដោយសារតែជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីចំនួន8នាក់ លោក Lucio Tan ត្រូវទទួលបន្ទុកច្រើននៅក្នុងគ្រួសារ។ ដើម្បីបានប្រាក់ទៅរៀនផ្នែកបច្ចេកទេសគីមីសាស្ត្រនៅសាកលវិទ្យាល័យ Far Eastern University នៅទីក្រុងម៉ានីល និស្សិតវ័យក្មេង Lucio Tan បានសុំការងារជាអ្នកបោសសម្អាត នៅក្នុងរោងចក្រផលិតបារី។
ក្រោយមួយរយៈពេលយូរ នៅពេលដែលមានបទពិសោធន៍ច្រើនគួរសមនៅក្នុងរោងចក្រ ដោយសារទទួលបានឱកាសចូលធ្វើការជាកម្មករផលិតបារី ដែលក្រោយមកទៀតបានក្លាយជាអ្នកសម្របសម្រួលផ្នែកផលិត និងបានរៀនសូត្រចេះដឹងច្រើនគួរសម លោក Tan ក៏បានសម្រេចចិត្តបើកក្រុមហ៊ុនផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា Fortune Tobacco ក្នុងឆ្នាំ1966។ ក្រោយមក Fortune Tobacco ក៏បានក្លាយជាក្រុមហ៊ុនផលិតបារីធំជាងគេបង្អស់នៅប្រទេសហ្វីលីពីន។
នៅតែប្រើប្រាស់ទូរស័ព្ទ Nokia បុរាណ
បើទោះជាមានទ្រព្យច្រើនដែលអាចទិញទូរស័ព្ទតម្លៃថ្លៃមួយណាក៏បាន ប៉ុន្តែ សារព័ត៌មានហ្វីលីពីនបានសង្កេតឃើញថា ក្នុងរយៈពេលច្រើនឆ្នាំមកនេះ លោក Tan ដែលមានវ័យ86ឆ្នាំ តែងតែប្រើប្រាស់ទូរស័ព្ទ Nokia បែបបុរាណ។ អ្វីដែលគួរចាប់អារម្មណ៍ នោះគឺថា លោកមិនមែនប្រើទូរស័ព្ទ Nokia បែបបុរាណនេះតែ1គ្រឿងទេ តែលោកប្រើដល់ទៅ4គ្រឿងឯណោះ ហើយពិសេសជាងនេះទៀត គឺទូរស័ព្ទទាំងនេះ មានម៉ូដែលដូចគ្នាទាំងអស់។
ក្រោកពីដំណេកម៉ោង4ទៀបភ្លឺរាល់ថ្ងៃដើម្បីលេងហ្គោល
ចំណង់ចំណូលចិត្តរបស់លោក Lucio Tan គឺមានច្រើន រួមមានទាំងវប្បធម៌និងប្រវត្តិសាស្ត្រចិន តន្ត្រីបុរាណ និងកីឡាមួយចំនួន។ កីឡាមួយក្នុងចំណោមកីឡាដែលធ្វើឱ្យលោក Lucio Tan ត្រូវក្រោកពីម៉ោង4ទៀបភ្លឺ នោះគឺកីឡាវាយកូនហ្គោល។ លោកតែងតែលេងហ្គោលនៅក្នុងក្លឹប Wack Wack Golf & Country Club ជាមួយនឹងមិត្តភក្ដិចាស់ៗរបស់លោក។ បន្ទាប់ពីការលេងកីឡានេះ ទើបលោកចាប់ផ្ដើមបំពេញការងារនៅក្រុមហ៊ុន ហើយបញ្ចប់ការងារប្រចាំថ្ងៃរបស់លោកនៅមុនម៉ោង9យប់។
លោក Lucio Tan ធ្លាប់ត្រូវបានប្រធានាធិបតី Rodrigo Duterte ចោទប្រកាន់ពីបទគេចពន្ធ
សូម្បីតែក្នុងគ្រាទទួលបានជោគជ័យក្នុងការរកស៊ី លោក Tan នៅតែជាប់ទាក់ទិននឹងរឿងអាស្រូវមួយចំនួន។ ឆ្នាំ2017 ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ធ្លាប់បានចោទប្រកាន់លោក Tan ថា នៅជំពាក់រដ្ឋាភិបាលចំនួន600លានដុល្លារដែលជាប្រាក់ត្រូវបង់ពន្ធ។ បន្ទាប់ពីលោក Tan ត្រូវបានលុបចោលការចោទប្រកាន់ ប្រធានាធិបតី Rodrigo Duterte ប្រកាសថា នឹងលែងនិយាយដល់បញ្ហានេះ។
បញ្ជូននិស្សិត1,000នាក់ទៅសិក្សានៅប្រទេសចិនជារៀងរាល់ឆ្នាំ
ជាមនុស្សចូលចិត្តការសិក្សា លោក Tan ពេញចិត្តជាខ្លាំងក្នុងការធ្វើសកម្មភាពផ្នែកអប់រំ។ ជារៀងរាល់ឆ្នាំ លោកបញ្ជូននិស្សិតចំនួន1,000នាក់ទៅកាន់ប្រទេសចិនដើម្បីសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រ ភាសា និងវប្បធម៌របស់ប្រទេសនេះ។ មហាសេដ្ឋី Lucio Tan ថែមទាំងផ្ដល់ជំនួយជាប្រាក់កាសជាច្រើនដើម្បីសាងសង់សាលារៀន និងបង្កើតមូលនិធិមនុស្សធម៌មួយដើម្បីកែលម្អបទដ្ឋានមួយចំនួននៅក្នុងវិស័យអប់រំទៀតផង៕
ប្រភព៖ SCMP