ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងកសិកម្មបានថ្លែងថា ទិន្នផលស្រូវឆ្នាំនេះនឹងកើនឡើងលើសពី 10លានតោន ធៀបនឹងទិន្នផលដែលប្រមូលបានកាលពីឆ្នាំមុនតែប្រមាណជាង 9លានតោន។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ទិន្នផលស្រូវឆ្នាំនេះនឹងសម្រេចបានជាង10លានតោន ដោយសារទិន្នផលកើនឡើង និងការប្រើប្រាស់គ្រឿងចក្រពីប្រជាពលរដ្ឋបានកើនឡើងខ្ពស់ផងដែរ ពិសេសក្រសួងបាន និងកំពុងដាក់ចេញពូជស្រូវថ្មីគឺ ខា14 ខា15 និងខា16 ជាពូជស្រូវដែលទើបស្រាវជ្រាវរកឃើញដែលធន់នឹងជំងឺ និងធាតុអាកាស ពិសេសទទួលបានទិន្នផលច្រើន។
លោកបន្តថា “ការដាក់ចេញនូវគោលនយោបាយចាស់ និងសកម្មភាពថ្មីដោយសម្តេចតេជោ ហ៊ុន សែន កាលពីដើមឆ្នាំ2013 បានធ្វើឲ្យផ្ទៃដីកសិកម្មកើនឡើង ហើយការផលិតផលិតផលកសិកម្មក៏បានកើនឡើងខ្ពស់ដែរ រាប់ទាំងស្រូវ ដំឡូងមី ពោត និងកៅស៊ូជាដើម”។ លោកបន្តទៀតថា “ការកើនឡើងនូវផលិតផលកសិកម្មទាំងនេះបានធ្វើឲ្យលើសតម្រូវការទីផ្សារ ពិសេសការបញ្ជាទិញពីប្រទេសជិតខាងមានកម្រិតបានធ្វើឲ្យទិន្នផលកសិកម្មជាប់គាំង និងធ្លាក់ចុះតម្លៃដែលជាបញ្ហាមួយរបស់កសិករ”។
លោក វេង សាខុន បានបន្តថា ប្រទេសថៃ និងវៀតណាមជាទីផ្សារធំរបស់យើង ពួកគេមិនបានគិតថា ផលិតផលកសិកម្មរបស់យើងកើនឡើងខ្លាំងដូច្នេះឡើយ ទើបធ្វើឲ្យសមត្ថភាពទទួលយករបស់ពួកគេមានកម្រិតដែលធ្វើឲ្យទិន្នផលរបស់ពួកគេមិនអាចឆ្លើយតបបាននឹងការកើនឡើងយ៉ាងគំហុកនូវទិន្នផលកសិកម្មរបស់កម្ពុជា៕