ជារឿងធម្មតាទៅហើយ ដែលពេលកូនៗធ្វើអ្វីខុស ឬមិនត្រូវចិត្ត លោកឪពុកអ្នកម្តាយជាច្រើននាក់តែងតែកើតអារម្មណ័មួម៉ៅ ក្តៅក្រហាយ រហូតពេលខ្លះក្លាយជាទម្លាប់និស្ស័យស្រែកគំហកខ្លាំងៗដាក់កូន តែ ឡា រ៉ែនសូមប្រាប់ទៅចុះថា ទង្វើមួយនេះមិនគួរធ្វើឱ្យក្លាយជាទម្លាប់នោះទេ ព្រោះខ្នាតមានអ្នកមកស្រែកឡូឡា ឬនិយាយស្តីច្រងេងច្រងាងខ្លាំងៗដាក់យើងដែលជាមនុស្សធំម៉េចយើងនៅមិនពេញចិត្តផង ចុះទម្រាំកូនៗដែលគ្នានៅមិនទាន់ដឹងអីនោះ។ ប្រាកដណាស់ថា កូនៗយើងក៏មិនចូលចិត្តដែរ ថែមទាំងជាការធ្វើបាបដួងចិត្តដ៏តូចមួយរបស់គេទៀតផង ដូច្នេះបើចង់បញ្ឈប់និស្ស័យនេះ សូមសាកល្បងធ្វើតាម 5 វិធីដែលឡា រ៉ែននាំយកមកជម្រាបជូននេះលមើល…។
1 . រកការងារអ្វីមួយធ្វើដើម្បីឱ្យអារម្មណ័ និងចិត្តត្រជាក់ចុះវិញ
នៅពេលណាដែលកូនសម្លាញ់ធ្វើឱ្យអ្នកមានអារម្មណ៍ខឹងមួម៉ៅ ចូរសាកល្បងតាំងស្មារតី ហើយនឹកដល់ក្តីតាំងចិត្តដែលអ្នកចង់បញ្ឈប់និស្ស័យនេះ បន្ទាប់ពីនោះក៏សាកល្បងរកការងារអ្វីផ្សេងៗធ្វើដើម្បីឱ្យចិត្តត្រជាក់ចុះវិញ រួចសឹមបែរទៅនិយាយជាមួយកូនដោយហេតុផលល្អៗត្រឹមត្រូវ។ សូមសាកល្បងធ្វើបែបហ្នឹងគ្រប់ពេលដែលមានអារម្មណ៍ថាខឹងមួម៉ៅកូន អាចនឹងជួយកាត់បន្ថយ និងបញ្ឈប់និស្ស័យនេះបាន។
2 . ដូរទឹកដមសំឡេងឱ្យស្រាលចុះ
សាកល្បងប្តូរពីការដែលចូលចិត្តតែប្រើសំឡេងមាំៗរឹងៗ ឬខ្លាំងៗស្រែកឡូឡាដាក់កូនតូច មកជាការនិយាយពិភាក្សាគ្នាដោយសំឡេងធម្មតា ស្រទន់គួរឱ្យចង់ស្តាប់វិញប្រសើរជាង។ ឡា រ៉ែនសូមប្រាប់ទៅចុះថា កូនៗនឹងជឿជាក់ និងស្តាប់អ្នកខ្លាំងជាងការដំឡើងសំឡេងដាក់គេទៅទៀត ព្រោះបើនិយាយដោយសំឡេងក្ឌុងក្ឌាំងវ៉ោកវ៉ាក សូមប្រាប់ទៅចុះថា យូរៗទៅកូនអាចនឹងមានអាការតតាំង និងរឹងទទឹង លែងជឿស្តាប់អ្នកតទៅទៀតក៏អាចថាបានដែរ ដល់ថ្ងៃនោះអ្វីៗនឹងអាចលែងកែកុនបានហើយ។
3 . កាត់បន្ថយការនឹកសង្ឃឹមលើកូន
បើអ្នកសង្កេតឃើញថា ខ្លួនឯងចូលចិត្តស្រែកឡូឡាដំឡើងសំឡេងដាក់កូនជាប្រចាំនោះ អាចនឹងមានន័យពីការដែលអ្នកនឹកសង្ឃឹមលើរូបកូនខ្លាំងជ្រុលពេក ដូច្នេះសូមសាកល្បងកាត់បន្ថយក្តីនឹកសង្ឃឹមនោះឱ្យតិចចុះ យល់ដឹងអំពីកូនឱ្យខ្លាំងឡើង ធានាថា និស្ស័យចូលចិត្តដំឡើងសំឡេងដាក់កូននឹងហាត់អស់យ៉ាងបណ្តើរៗដោយឯកឯងមិនខាន។
4 . តាំងស្មារតីមុននឹងនិយាយ
មុននឹងប្រើពាក្យសំដីស្រែកបន្ទោសស្តីថាឱ្យកូនគ្រប់ពេល សូមឱ្យឪពុកម្តាយតាំងសតិឱ្យល្អជាមុនសិន ឬអាចនឹងទន្ទេញឱ្យជាប់ក្នុងចិត្តថា គេគឺកូនរបស់យើង គេគ្រាន់តែជាកូនក្មេង គ្រាន់តែដាស់តឿនសតិខ្លួនឯងកុំឱ្យខឹងមួម៉ៅរហូតលែងដឹងខុសត្រូវតែប៉ុណ្ណោះ។ បើដាស់តឿនខ្លួនឯងបានគ្រប់ពេលបែបនេះ ធានាថានឹងបញ្ឈប់និស្ស័យយ៉ាប់នេះបានជាមិនខាន។
5 . រកមើលកិច្ចការងារធ្វើបន្ធូរអារម្មណ៍
បើលោកឪពុកអ្នកម្តាយលីសែងភាពតានតឹងធុញថប់ច្រើនរឿង រហូតធ្វើឱ្យបាត់បង់សតិស្មារតីមានរឿងអីបន្តិចគិតែស្រែកឡូឡេដាក់កូនញឹកញាប់នោះ សូមប្រាប់ទៅចុះ គួរតែរិះរកវិធីបន្ធូរអារម្មណ៍ធុញថប់តានតឹងទាំងនោះចោលខ្លះទៅ ដូចជា ស្តាប់បទភ្លេង ឬចម្រៀងបែបសប្បាយៗ ឬហាត់ប្រាណខ្លះក៏ល្អដែរ ធានាថា ដល់លែងមានភាពធុញថប់តានតឹងហើយនោះ និស្ស័យភ្លេចខ្លួនស្រែកគំហកដាក់កូន នឹងបាត់អស់ដោយឯកឯង។
បើសិនបញ្ឈប់និស្ស័យមិនល្អនេះតាំងពីដំបូងៗបាន ក្រៅពីនឹងហុចផលល្អដល់ខ្លួនលោកឪពុកអ្នកម្តាយហើយនោះ នៅជួយឱ្យកូនមិនជាប់និស្ស័យច្រងេងច្រងាងនៅពេលធំឡើងទៀតផង។ ល្អបែបនេះ ឪពុកម្តាយដែលមាននិស្ស័យឆាប់ខឹងមួម៉ៅត្រូវតែនាំគ្នាចាប់ផ្តើមហាត់រៀនហើយមើលទៅ៕