រាជរដ្ឋាភិបាលកាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះបានប្រកាសអនុញ្ញាតឱ្យដំណើរការឡើងវិញនូវសកម្មភាពហាត់ប្រាណ និងលេងកីឡាតាមទីធ្លាសាធារណៈនៅតាមរាជធានីខេត្ត និងក្នុងបរិវេនពហុកីឡដ្ឋានជាតិអូឡាំពិក។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ បានបញ្ជាក់ថា ដោយសារបច្ចុប្បន្ននេះ ការទប់ស្កាត់ជំងឺ Covid-19 នៅកម្ពុជាមានភាពល្អប្រសើរ និងអាចគ្រប់គ្រងបាន និងដើម្បីលើកកម្ពស់ការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់បងប្អូនប្រជាពលរដ្ឋតាមរយៈការហាត់ប្រាណ និងការលេងកីឡា ក្រសួងអប់រំ យុវជន និងកីឡា ទទួលបានការអនុញ្ញាតពីសម្តេចនាយករដ្ឋមន្ត្រី ដើម្បីដំណើរការឡើងវិញនូវសកម្មភាពហាត់ប្រាណ និងលេងកីឡា តាមទីធ្លាសាធារណៈនៅតាមរាជធានី ខេត្ត និងក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក លើកលែងតែសកម្មភាពហាត់ប្រាណតាមក្លឹបកីឡា ដែលប្រើប្រាស់សម្ភារៈរួមគ្នា។
នៅក្នុងការអនុញ្ញាតឱ្យដំណើរការឡើងវិញនេះ ក្រសួងស្នើឱ្យទីកន្លែងហាត់ប្រាណ និងលេងកីឡាទាំងអស់ត្រូវបន្តគោរពតាមវិធានសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកយ៉ាងម៉ឺងម៉ាត់៕