ពិតប្រាកដណាស់ថា ពេលដែលយើងកើតមកលើពិភពលោកនេះ ម្នាក់ៗសុទ្ធតែស្វែងរកអ្វីដែលហៅថា សេចក្តីសុខ ឬសេចក្តីសប្បាយរីករាយចិត្តទាំងអស់ ព្រោះប្រហែលជាគ្មាននរណាម្នាក់ចូលចិត្តសេចក្តីទុក្ខ ឬសេចក្តីលំបាកចិត្តឡើយ ដូច្នេះសម្រាប់អ្នកណាដែលកំពុងសម្លឹងរកមើលវិធីសាងសេចក្តីសុខឱ្យជីវិតរបស់ខ្លួនឯង និងក្រុមគ្រួសារនោះ ថ្ងៃនេះឡារ៉ែនមានចំណុចណែនាំងាយៗមកជម្រាបជូនដូចតទៅ។
1 . ចេះសម្លឹងមើលអ្នកដទៃក្នុងន័យល្អ មើលពិភពលោកក្នុងន័យស្រស់ស្អាត ៈ គឺជាការហ្វឹកហាត់ខ្លួនឯងបែបងាយៗម្យ៉ាង។ ចម្បងៗនោះគឺ ការដែលយើងសម្លឹងមើលអ្នកដទៃដោយខ្សែភ្នែកនៃសេចក្តីសុខ ប្រាសចាកសេចក្តីក្រោធខឹង ស្អប់ខ្ពើម ឬប្រយ័ត្នប្រយែង ត្រឹមតែប៉ុណ្ណឹងក៏នឹងធ្វើឱ្យជីវិតរបស់យើងហ្នឹងមានសេចក្តីឡើងបានទៅហើយ រួមទាំងការហ្វឹកហាត់ឱ្យខ្លួនឯងហ្នឹងសម្លឹងមើលអ្វីជុំវិញខ្លួនបែបវិជ្ជមាន និងមិនគិតតែពីអវិជ្ជមានជ្រុលហួសហេតុពេក។
2 . ធ្វើបច្ចុប្បន្នឱ្យល្អបំផុត ៈ មានន័យថា ការមានជីវិតរស់នៅជាមួយនឹងបច្ចុប្បន្នយ៉ាងមានសេចក្តីសុខ កុំទៅកង្វល់ពីអតីតកាល ឬអនាគតដែលមិនទាន់មកដល់ ព្រោះយើងមិនអាចកែខៃអ្វីបានឡើយ ដូច្នេះទើបគួរតែមានជីវិតក្នុងថ្ងៃនេះយ៉ាងមានសេចក្តីសុខ និងធ្វើអ្វីគ្រប់យ៉ាងឱ្យល្អបំផុត នោះអនាគតដែលល្អក៏នឹងរត់មករកយើងដោយខ្លួនឯង។
3 . មានសេចក្តីសង្ឃឹម ៈ ប្រាកដណាស់ថា សេចក្តីសង្ឃឹមនេះជាអ្វីមួយដែលចិញ្ចឹមថែផ្លូវចិត្តរបស់មនុស្ស ធ្វើឱ្យកើតក្តីមានះឧស្សាហ៍ព្យាយាម ដូច្នេះទើបយើងចាំបាច់ត្រូវមានសេចក្តីសុខជាប់ជានិច្ច។ ទោះជាមានជីវិតរស់នៅជាមួយសេចក្តីទុក្ខលំបាកប៉ុនណាចូរគិត និងធ្វើគ្រប់យ៉ាងក្នុងថ្ងៃនេះយ៉ាងពេញទំហឹង និងមានសេចក្តីសង្ឃឹមជាប់ជានិច្ច ព្រោះការមានសេចក្តីសង្ឃឹមជាប់ជានិច្ចនេះ ធ្វើឱ្យជីវិតយើងមានសេចក្តីសុខបានដូចគ្នា។
4 . មើលមកខ្លួនឯងថា មានតម្លៃ ៈ ហាមគិតថា ជីវិតរបស់យើងនេះគ្មានតម្លៃសម្រាប់អ្នកណាឱ្យសោះ ព្រោះការពិតទៅ រូបយើងនេះមានតម្លៃជាមួយមនុស្សដែលគេស្រឡាញ់យើងជានិច្ច មិនថាតែឪពុកម្តាយ សាច់ញាតិបងប្អូន ឬមិត្តភ័ក្តិជិតដិត ដូច្នេះនៅពេលកើតមានអារម្មណ៍មិនល្អ ខូចចិត្ត មិនថាតែរឿងអ្វីក៏ដោយ ចូរកុំទៅប្រកាន់ខ្ជាប់ជាមួយវា បណ្តោយឱ្យវាកន្លងផុតទៅ និងគិតជាប់ជានិច្ចថា ជីវិតយើងមានតម្លៃខ្លាំងជាងដែលត្រូវនៅកប់លង់ជាមួយវា។
5 . ស្គាល់នូវការឱ្យ ៈ ការផ្តល់ឱ្យក្នុងទីនេះមិនចាំបាច់ត្រូវតែជាវត្ថុរបស់របរ ឬរបស់មានតម្លៃនោះទេ តែមានន័យពីរបស់ដែលមិនអាចកាត់ថ្លៃបាន ដូចជា ទឹកចិត្ត ជាដើម។ ការមេត្តាអនុគ្រោះចែករំលែកគឺជាវិធីបង្កើនសេចក្តីសុខខាងផ្លូវចិត្តម្យ៉ាង និងចូរយើងគិតជាប់ជានិច្ចថា ការផ្តល់ឱ្យនោះតែងតែនាំរឿងល្អៗត្រឡប់មករកទាំងអ្នកឱ្យ និងអ្នកទទួលជានិច្ច ត្រឹមតែប៉ុណ្ណឹងយើងក៏មានសេចក្តីសុខទៅហើយ។
យើងមើលឃើញថា សេចក្តីសុខគឺជារឿងដែលពាក់ព័ន្ធនឹងអារម្មណ៍នឹកគិតទាំងអស់ ហើយកម្មវិធីការបង្កើនសេចក្តីសុខនេះ មិនចាំបាច់ត្រូវមានបច្ច័យអ្វីមកពាក់ព័ន្ធនាំឱ្យច្របូលច្របល់នោះឡើយ ត្រឹមតែយើងគិតល្អ ធ្វើល្អ មានជីវិតរស់នៅជាមួយបច្ចុប្បន្នឱ្យល្អ និងមានសេចក្តីសង្ឃឹម មានកម្លាំងចិត្តជាប់ជានិច្ច ត្រឹមតែប៉ុណ្ណឹងជីវិតរបស់យើងនឹងមិនស្ថិតនៅឆ្ងាយពីពាក្យថា សេចក្តីសុខបានបាត់ទៅហើយ៕