កម្ពុជា ជាប្រទេសដែលផលិត និងនាំចេញអង្ករយ៉ាងសំខាន់មួយសម្រាប់ទីផ្សារនានាទាំងក្នុងតំបន់ និងក្នុងពិភពលោក។ ហេតុនេះហើយ ទើបរដ្ឋាភិបាល និងភាគីពាក់ព័ន្ធតែងតែខិតខំប្រឹងប្រែងពង្រីកទីផ្សារបន្ថែមសម្រាប់វិស័យនេះ ឱ្យកាន់តែទូលំទូលាយ និងបង្កើនចំនួននាំចេញ។
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា ចិនជាប្រទេសដែលទទួលទិញអង្ករច្រើនពីកម្ពុជា ដែលវិស័យស្រូវអង្ករនៅតែមានសក្តានុពលខ្លាំងសម្រាប់ទីផ្សារនៅប្រទេសនេះ។ ទោះជាយ៉ាងនេះក្តី ទីផ្សារអង្ករនៅប្រទេសចិនបច្ចុប្បន្ន គឺកំពុងវាយលុក និងកាន់កាប់ដោយទីផ្សារអង្ករមកពីវៀតណាម និងថៃ។ ហេតុនេះដើម្បីពង្រឹងសក្តានុពលបន្ថែមសម្រាប់អង្ករកម្ពុជា គ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នាធ្វើយ៉ាងណាជំរុញការផ្សព្វផ្សាយពីផលិតផលអង្ករកម្ពុជាឱ្យបានកាន់តែច្រើនទៅកាន់ទីផ្សារចិន។
សហគ្រិនខាងលើក៏បានលើកឡើងផងដែរថា អ្នករកស៊ីផ្នែកអង្ករនៅកម្ពុជា ក៏គួរតែបង្កើនកិច្ចសហការល្អជាមួយភាគីចិនដើម្បីជំរុញឱ្យពួកគាត់បន្តផ្សព្វផ្សាយបន្ថែមពីសក្តានុពលរបស់អង្ករកម្ពុជានៅក្នុងទីផ្សារនៃប្រទេសរបស់គាត់។
បច្ចុប្បន្ននេះ បើមើលពីកម្រិតនៃការនាំចូលទៅក្នុងប្រទេសចិន អង្ករកម្ពុជានៅមានចំនួនតិចតួចនៅឡើយបើប្រៀបធៀបជាមួយអង្ករថៃ និងវៀតណាម ព្រោះប្រទេសគេបាននាំចូលមុនកម្ពុជា តែអ្វីដែលជាលក្ខណៈសម្បត្តិល្អរបស់អង្ករកម្ពុជា គឺយើងមានតម្លៃ និងគុណភាពអាចប្រកួតប្រជែងបាន។ ហតុនេះដើម្បីជំរុញផ្នែកនេះឱ្យកាន់តែប្រសើរ អ្នកផលិតនៅកម្ពុជាចាំបាច់ខិតខំបន្ថែមក្នុងការពង្រឹងទាំងបរិមាណ និងគុណភាពបន្ថែមទៀត៕