អ្នកម្តាយត្រូវតែហ្វឹកហាត់រៀនយល់ដឹង និងស្គាល់អំពីតម្រូវការរបស់កូនតូច តែរឿងដែលអ្នកម្តាយមិនអាចដឹងនោះគឺ ទារកនោះមានសមត្ថភាពក្នុងការទទួលដឹង ទង្វើ និងការឆ្លើយតបមកវិញចំពោះរឿងមួយចំនួនបាន ដោយមិនចាំបាច់មានការរៀនយល់ដឹង ឬឆ្លងកាត់បទពិសោធន៍ពីមុនមកឡើយ ដែលយើងហៅរឿងទាំងអស់នោះថា “សញ្ជាតិញាណ (ការដឹងដោយខ្លួនឯង)” ជាប្រតិកម្មឆ្លើយតបតាមសញ្ជាតិញាណ នឹងជួយឱ្យកូនតូចមានសុវត្ថិភាពបានដោយខ្លួនឯងនៅពេលកើតមានសភាវអាសន្នណាមួយកើតឡើង។
សញ្ជាតិញាណរបស់ទារកទើបកើតដំបូង
1 . ការមើលឃើញ
បន្ទាប់ពីប្រសូត ទារកនៅមិនទាន់បើកភ្នែកភ្លាមៗឡើយ ព្រោះកែវភ្នែកនៅសម្រួលសភាពជាមួយពន្លឺខាងក្រៅមិនទាន់បាន ដោយសារការស្ថិតនៅគភ៌ម្តាយមិនកើតមានប្រតិកម្មចំពោះការមើលឃើញ តែក្នុងអំឡុងពេលមិនលើស 3 ថ្ងៃ កូនតូចនឹងចាប់ផ្តើមបើកភ្នែក អាចនឹងព្រិចភ្នែកញឹកញាប់ ព្រោះកែវភ្នែកនៅសម្រួលជាមួយសភាពពន្លឺមិនទាន់ល្អប៉ុន្មាន។ ការធ្វើចលនាកែវភ្នែកគឺជាប្រតិកម្មឆ្លើយតបដើម្បីការពារកែវភ្នែកដែលសែនផុយស្រួយរបស់ខ្លួនពីពិភពខាងក្រៅហ្នឹងឯង។
2 . ប្រព័ន្ធដកដង្ហើម
នៅពេលទារកប្រសូតហើយ គ្មានថង់ទឹកភ្លោះនៅជុំវិញខ្លួន រាងកាយរបស់ទារកនឹងបញ្ជាឱ្យប្រព័ន្ធការដកដង្ហើមធ្វើការភ្លាមតែម្តង ចំណែកអត្រាការដកដង្ហើមរបស់ទារកម្នាក់ៗក៏ខុសប្លែកពីគ្នាទៅតាមតម្រូវការរបស់ទារកខ្លួនឯងដែរ លើកលែងតែទារកដែលមានបញ្ហាក្រោយពេលប្រសូតភ្លាមតែប៉ុណ្ណោះ។
3 . ការបឺតជញ្ជក់លេបវត្ថុផ្សេងៗ
នៅពេលដែលអ្នកបំបៅទឹកដោះពីដោះម្តាយ រឿងដែលទារកធ្វើ គឺបឺត និងលេបទឹកដោះដោយស្វ័យប្រវត្តិ អំឡុងពេលនេះសូមអ្នកម្តាយប្រុងប្រយ័ត្នវត្ថុ ឬរបស់របរដែលបង្កគ្រោះថ្នាក់ បើសិនជាកូនតូចភ្លាត់ភ្លាំងលេបចូលទៅក្នុងរាងកាយ អាចនឹងមានគ្រោះថ្នាក់ភ្លាមៗតែម្តង។
4 . ការស្រវាចាប់ដោយដៃ
នៅពេលអ្នកម្តាយយកម្រាមដៃទៅដាក់ប៉ះលើបាតដៃរបស់ទារក គេនឹងស្រវាចាប់ម្រាមដៃរបស់អ្នកភ្លាម តែបើសិនមានអ្វីដែលធ្វើឱ្យភ្ញាក់ ទារកនឹងបង្ហាញសញ្ជាតិញាណដោយការភ្ញាក់ព្រើត ដោយបាតដៃនឹងលាចេញ លែងម្រាមដៃអ្នកម្តាយចេញភ្លាមដែរ
5 . ការបែរមុខរកក្បាលដោះ
ការបង្ហាត់ទារកឱ្យងាកបែររកក្បាលដោះ អ្នកម្តាយសាកល្បងយកម្រាមដៃប៉ះថ្ពាល់កូនថ្នមៗ សញ្ជាតិញាណរបស់ទារកនឹងងាកបែរមករកភ្លាមតែម្តង អ្នកម្តាយមិនចាំបាច់ចាប់បង្វិលក្បាលកូនតូចឡើយ គ្រាន់តែប៉ះថ្ពាល់គេថ្នមៗ ទារកនឹងកើតមានក្តីចង់ដឹងចង់ឃើញ ហើយនិងបែរក្បាលចូលមករកបានយ៉ាងងាយ។
រឿងទាំងអស់នេះគឺជារឿងធម្មជាតិរបស់ទារកទើបកើតដំបូង ដែលអ្នកម្តាយអាចមិនដឹងថាវាគឺជា សញ្ជាតិញាណដើម្បីការមានជីវិតរស់នៅក្នុងអំឡុងវ័យនេះ និងអ្នកម្តាយក៏គួរយកចិត្តទុកដាក់មើលថែទាំកូនតូចយ៉ាងល្អ ព្រោះត្រូវមិនភ្លេចថា ការដែលកូនតូចចេញឆ្ពោះមកពិភពខាងក្រៅនេះ វាខុសប្លែកពីការនៅក្នុងផ្ទៃរបស់អ្នកច្រើនណាស់៕