រថយន្ត Toyota Prius ជារថយន្តធុនតូចមួយម៉ូដែលដែលត្រូវបានប្រជាជនកម្ពុជាយើងនិយមចូលចិត្តប្រើច្រើន ខណៈម៉ូដែលនេះអាចជួយសន្សំសំចៃប្រេងសាំងបានខ្ពស់ជាងរថយន្តធម្មតា ប៉ុន្តែវាក៏មានបញ្ហាកើតឡើងច្រើនដែរ ពេលប្រើយូរទៅ។ ថ្ងៃនេះ គេហទំព័រ ឡារ៉ែន សូមលើកពីវិធីសាស្ត្រមួយដែលអាចដោះស្រាយបានភ្លាមៗ ក្នុងករណីម៉ាស៊ីនមិនដំណើរការ ដោយសារម៉ូទ័របូមទឹកខាងមុខមានបញ្ហា។
ជាទូទៅនៅពេលដែលម៉ូទ័របូមទឹកខូច ម៉ាស៊ីននឹងចាប់ផ្ដើមឡើងកម្ដៅខ្លាំងនាំឱ្យប្រព័ន្ធគ្រប់គ្រងរបស់រថយន្តធ្វើការផ្ដាច់ចរន្ដភ្លើងហើយនឹងមានធុំក្លិនឈ្ងៀមឡើង ពេលនោះរថយន្តរបស់លោកអ្នកនឹងមិនអាចបន្ដដំណើរទៅណាកើតទាំងអស់ ប្រសិនបើមិនដឹងពីវិធីដោះស្រាយ។ ចំណុចនេះ ដើម្បីកែបញ្ហាឱ្យបាន និងធ្វើឱ្យអាចបន្ដដំណើរទៅមុខទម្រាំរកកន្លែងជួសជុលបាននោះ លោកអ្នកត្រូវបើកគម្របម៉ាស៊ីនឡើង ហើយផ្ដាច់ចេញពីគ្នានូវឌុយភ្លើងមួយ (មើលរូប 01 ) បន្ទាប់មក បើកប្រអប់ហ្វ៊ុយស៊ិប ហើយដោះដូរ ហ្វ៊ុយស៊ិបភ្លើងមួយដែលដាច់ (មើលរូប) ដោយយកហ្វ៊ុយស៊ិបថ្មីដែលនៅផ្នែកខាងឆ្វេងដៃមកដាក់ជំនួសវិញ។
បន្ទាប់ដោះដូរហ្វ៊ុយស៊ិបភ្លើងហើយ សូមបិទគម្របម៉ាស៊ីនវិញ ប៉ុន្តែកុំដោតឌុយភ្លើងដែលបានដកចេញហើយនោះ គឺទុកវាចោល ទើបម៉ាស៊ីនអាចដំណើរការ និងយើងអាចបើកបរទៅមុខបាន។ ក្នុងករណីនេះ ម៉ាស៊ីនរថយន្តគឺអាចដំណើរការបានធម្មតា ប៉ុន្តែយើងមិនអាចប្រើប្រាស់ម៉ាស៊ីនត្រជាក់បានទេ៕